Skip to content

ប្រភពព័ត៌មាន៖ Barca ឈានដល់​ការព្រមព្រៀង​ដើម្បី​ទិញ Griezmann ពី​ក្លិប Atletico

បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​កីឡា​ប្រចាំថ្ងៃ Mundo Deportivo របស់​អេ​ស្ប៉ា​ញ ក្លិប​យក្ស Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​រួចហើយ​ក្នុងការ​នាំយក​តារា​ឆ្នើម Antoine Griezmann ពី​ក្លិប Atletico Madrid ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាងមុខនេះ។  លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​ជួបពិភាក្សា​ជាមួយនឹង​ក្រុមគ្រួសារ​របស់​ខ្សែប្រយុទ្ធ Griezmann ខណៈដែល​លោក​កំពុងតែ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​ចំនួន100លាន​អឺរ៉ូ (ស្មើនឹង118លាន​ដុល្លារ​អាមេរិក) របស់ Griezmann។

ការនាំយក​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូបនេះ​ទៅកាន់​កីឡដ្ឋាន Camp Nou ត្រូវបាន​គេ​រំពឹងទុក​ថា ក្លិប Barca មានបំណង​ក្នុងការ​ឲ្យ​រូបគេ​ចាប់​ដៃគូ​ជាមួយនឹង Lionel Messi និង Luis Suarez ក្រោយពី​ការចាកចេញ​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain កាលពី​ខែសីហា ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក222លាន​អឺរ៉ូ។ កាសែត Mundo Deportivo បានចេញ​ផ្សាយ​ថា៖ «Barca បានចាត់ទុក Griezmann ជា​គោលដៅ​មួយ​សម្រាប់​ឆ្នាំ2018 ហើយ​ពួកគេ​បាន​សាកសួរ​ពី​ចិត្ត​របស់ Griezmann ដើម្បី​ឲ្យ​ដឹងថា តើ​រូបគេ​ចង់​ពាក់អាវ​ពណ៌​ខៀវ លាយ​ក្រហម​ឬ​យ៉ាងណាដែរ»។

ខណៈដែល​កាសែត Mundo Deportivo បន្ថែមទៀតថា Bartomeu ទើបតែ​បាន​ជួប​ជាមួយនឹង​ក្រុមគ្រួសារ​របស់ Griezmann នាពេលថ្មីៗនេះ ដើម្បី​ពិសា​អាហារ​ជាមួយគ្នា កាសែត​នោះបាន​បញ្ជាក់ថា៖ «លោក​ប្រធាន​ក្លិប​លោក Josep Maria Bartomeu បច្ចុប្បន្ន បានធ្វើ​ដំណើរ​ទៅ​បំពេញ​ប្រតិបត្តិការ​នេះ »។ Griezmann វ័យ26ឆ្នាំ បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​មួយ​ជាមួយនឹង​ក្លិប Atletico កាលពី​ខែមិថុនា ក្រោយពី​ការប្តឹង​ឧទ្ធរណ៍​របស់​ពួកគេ​ប្រឆាំងនឹង​បម្រាម​ទិញ​ចូល​កីឡាករ ត្រូវបាន​ច្រានចោល។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Diego Simeone គ្រូបង្វឹក​របស់ Atletico បានទទួល​ស្គាល់​នៅ​សប្តាហ៍​នេះ​ថា ការចាកចេញ​របស់ Griezmann មិនអាច​ចៀស​រួច​ឡើយ៕

ប្រភពពី៖ Sport24

Leave a Reply

Your email address will not be published. Required fields are marked *