មិនចាំបាច់ទាល់តែទៅស្វែងរកសេវាកម្មថែរក្សាសម្រស់ ក៏លោកអ្នកអាចទទួលបានភាពស្រស់ស្អាតដែរ ព្រោះថាការដែលលោកអ្នកមានទម្លាប់ល្អៗសម្រាប់អនុវត្តហើយនោះ ភាពស្រស់ស្អាតក៏ពិតជាមិនរត់ទៅណាដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្រសិនបើអ្នកអាចធ្វើជាអ្នកដឹកនាំគ្រប់គ្នានៅក្នុងគ្រួសារឱ្យមានទម្លាប់ថែរក្សាភាពស្អាតឱ្យបានត្រឹមត្រូវដូចអ្នកដែរនោះ ធានាថាគ្រប់គ្នាពិតជាបានស្រស់ជាមិនខាន។
សូមចាំថាការអនុវត្តវិធីងាយៗនៅផ្ទះដោយខ្លួនឯងឱ្យបានញឹកញាប់វានឹងក្លាយជាទម្លាប់ ហើយនៅពេលដែលគ្រប់គ្នានៅក្នុងគ្រួសារមានទម្លាប់ល្អហើយនោះសូមធានាថា ក្តីបារម្ភដែលទាក់ទងនឹងការថែរក្សាសម្រស់ក៏ពិតជាមិនអាចមករំខានអ្នកណាម្នាក់នៅក្នុងផ្ទះរបស់អ្នកបានទៀតឡើយ។
ស្បែកស្អាតត្រូវចាប់ផ្តើមពីការសម្អាត៖ ការសម្អាតស្បែកជាប្រចាំនាពេលព្រឹក និងពេលយប់ជាអ្វីដែលអ្នកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។ ក្នុងករណីដែលអ្នកចង់ឱ្យការសម្អាតផ្ទៃមុខរបស់អ្នកកាន់តែមានលក្ខណៈពិសេស និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សម្រស់ស្បែករបស់អ្នកទៀតនោះអ្នកអាចយកទឹកឃ្មុំបន្តិចលាយជាមួយទឹកដោះគោឆៅមួយស្លាបព្រា រួចយកវាទៅកម្តៅ3-4វិនាទីក្នុងម៉ាស៊ីនមៃក្រូវេវ ហើយយកមកលាបឱ្យសព្វលើផ្ទៃមុខ និងក រួចលាងសម្អាតចេញជាមួយទឹកក្ដៅតិចៗជាការស្រេច។
ចំហុយជាកូនសោបើកទ្វារនៃភាពស្រស់ស្រាយ៖ ចំហុយមុខរបស់អ្នកឱ្យបានម្ដងក្នុងមួយសប្ដាហ៍ ដើម្បីសម្អាតជាតិពុល មុនក្បាលខ្មៅ និងស្នាមតូចៗចេញពីស្បែកមុខ។ ការបន្ថែមប្រេងផ្សេងៗឱ្យត្រូវទៅតាមប្រភេទស្បែករបស់អ្នក គឺជាការជួយឱ្យការចំហុយស្បែកមុខកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ សូមចាំថា ការចំហុយស្បែកគឺជាវិធីដែលជួយឱ្យស្បែកមានភាពស្រស់ស្រាយ និងមានសុខភាពល្អជាប់ជានិច្ច។
ចងចាំជានិច្ចថាស្បែកត្រូវមានសំណើម៖ ប្រេងបន្លែ ដូចជា ប្រេងអាល់ម៉ុនជាដើមត្រូវបានគេទុកថាជាជំនួយការដ៏ល្អបំផុតក្នុងការនាំមកនូវសំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រួញ។
គ្រឿងម៉ាស្សានៅផ្ទះ៖ ការម៉ាស្សាសម្អាតស្បែកដោយប្រើផលិតផលដែលមានស្រាប់នៅក្នុងផ្ទះម្តង ឬពីរដងក្នុងមួយសប្តាហ៍គឺជាទម្លាប់ដ៏ប្រសើរមួយ ដែលអ្នកគួរតែនាំគ្នាអនុវត្ត។ គ្រាន់តែយកប្រេងអូលីវបន្តិចលាយជាមួយនឹងស្ករត្នោតបន្តិច ហើយយកមកត្រដុសថ្នមៗលើស្បែក រួចសម្អាតចេញដោយទឹកក្តៅឧណ្ហ។ ក្រោយមកបន្តិចកុំភ្លេចបិទរន្ធញើសរបស់អ្នកដោយការសាចទឹកត្រជាក់លើផ្ទៃមុខផង។ វិធីនេះនឹងចូលរួមចំណែកធ្វើការកម្ចាត់ និងសម្អាតស្បែកចាស់ៗចេញ ដើម្បីផ្តល់ឱកាសឱ្យស្បែកថ្មីបានបង្ហាញវត្តមាននៅលើផ្ទៃមុខរបស់អ្នកវិញជាមិនខាន។
កុំបំភ្លេចម៉ាសជំនួយផ្ទៃមុខ៖ ការប្រើម៉ាសបិទមុខដែលអ្នកទិញមកស្រាប់ៗអាចនឹងធ្វើឱ្យស្បែករបស់អ្នកប្រឈមនឹងបញ្ហាផ្សេងៗ ហើយអ្នកក៏អាចនឹងត្រូវចំណាយប្រាក់ច្រើនបន្តិច ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានភាពចំណេញ និងមិនមានក្តីបារម្ភទៀតនោះ សូមសាកល្បងនាំសមាជិកក្នុងគ្រួសារបិទម៉ាសដែលអ្នកធ្វើឡើងដោយខ្លួនឯង ដែលបានមកពីការផ្សំចូលគ្នានៃគ្រីម មួយស្លាបព្រា ចេកទុំកិនម៉ដ្ឋមួយផ្លែ និងវីតាមីនEមួយគ្រាប់។ លាបលើផ្ទៃមុខទុកចោលប្រហែលជា 15នាទីសឹមសម្អាតចេញជាការស្រេច។
ទាំងនេះសុទ្ធតែជាវិធីដែលអាចនាំអ្នក និងសមាជិកក្នុងគ្រួសាររបស់អ្នកទៅរកភាពស្រស់ស្អាត ប៉ុន្តែសូមចងចាំផងថា ក្រៅពីការធ្វើតាមវិធីទាំងនេះហើយនោះ លោកអ្នកក៏ត្រូវថែរក្សាស្បែកដោយការលាបឡេការពារកម្តៅថ្ងៃឱ្យបានជាប្រចាំ កុំជក់បារី ត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនថាជាទឹកធម្មតា ឬទឹកបន្លែ ផ្លែឈើដែលចម្រាញ់ចេញពីផ្លែឈើស្រស់ៗនោះទេ៕