ធនាគារជាតិនៃកម្ពុជា (NBC) កំពុងជំរុញការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសតាមរយៈទូរស័ព្ទដៃ ខណៈដែលការធ្វើប្រតិបត្តិការតាមមធ្យោបាយនេះនៅមានកម្រិតនៅឡើយ បើទោះបីជាការប្រើប្រាស់ទូរស័ព្ទទំនើបរបស់ប្រជាជនខ្មែរមាននិន្នាការកើនឡើងច្រើនក៏ដោយ។
នៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីតួនាទីរបស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាក្នុងការប្រតិបត្តិសេវាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ។ គោលបំណងនៃសិក្ខាសាលានេះគឺជំរុញឱ្យមានការសិក្សាស្រាវជ្រាវពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាក្នុងឆ្នាំនេះ គឺតួនាទីនៃបច្ចេកវិទ្យាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដែលបច្ចេកវិទ្យាកំពុងត្រូវបានគេយកចិត្តទុកដាក់ស្រាវជ្រាវជាសកល។ តាមរយៈសិក្ខាសាលាដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជាប្រធានបទដែលបានធ្វើបទបង្ហាញពីតួនាទីរបស់ទូរស័ព្ទចល័ត តើប្រជាជនដែលប្រើប្រាស់ទូរស័ព្ទដៃអាចមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុច្រើនជាង ដែលគ្មានទូរស័ព្ទដៃ ឬយ៉ាងដូចម្តេច?
សម្រាប់បរិបទនៃប្រទេសកម្ពុជា អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទដៃមានការកើនឡើង ប៉ុន្តែមានតែសេវាកម្មខ្លះប៉ុណ្ណោះដែលត្រូវបានអ្នកប្រើប្រាស់ចូលរួម ខណៈដែលសេវាកម្មជាច្រើនទៀតមិនទទួលបានការចាប់អារម្មណ៍។
លោកជំទាវអគ្គនាយិកាបច្ចេកទេស បានមានប្រសាសន៍ថា៖“ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ខ្ចីលុយក្នុងប្រទេសកម្ពុជា ខ្ញុំយល់ថាមានល្បឿនលឿនគួរសម ព្រោះឥឡូវនេះមានអ្នកផ្តល់សេវាក្នុងនាមជាភាគីទី3ច្រើន ប៉ុន្តែការប្រើប្រាស់បច្ចេក-វិទ្យាដើម្បីធ្វើប្រតិបត្តិការធនាគារដូចជា ការមើលសមតុល្យក្នុងគណនីរបស់គាត់ ឬក៏របៀបប្រតិបត្តិការផ្សេងៗទៀត គឺនៅមានកម្រិត។ លោកជំទាវបានបន្ថែមថា៖“យើងលឿនក្នុងការផ្ទេរលុយ ប៉ុន្តែយើងមានផលិតផល និងសេវាកម្មជាច្រើនទៀតតាមបច្ចេកវិទ្យាទូរស័ព្ទដៃ មិនទាន់ត្រូវបានប្រើប្រាស់ច្រើននៅឡើយ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានឱ្យដឹងថា អតិថិជនហិរញ្ញវត្ថុនៅកម្ពុជាកំពុងតែបន្សាំខ្លួនចំពោះរបត់ថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ដោយសារការរីកចម្រើនខ្លាំងនៃការប្រើប្រាស់បច្ចេកវិទ្យា។ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិកររហូតមកដល់ពេលនេះមានអតិថិជនរបស់ខ្លួនប្រមាណ 8,000នាក់បានចុះឈ្មោះប្រើប្រាស់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដោយភាគច្រើននៃអ្នកប្រើប្រាស់ បានប្រតិបត្តិការសម្រាប់ផ្ទេរប្រាក់ និងបញ្ចូលកាតទូរស័ព្ទ ដោយឡែកសេវាកម្មផ្សេងៗទៀតមិនទាន់មានប្រើប្រាស់ច្រើននោះទេ។
លោកឧកញ៉ា ហួត អៀងតុង បាននិយាយថា៖ “តាមរយៈ Mobile Banking យើងក៏អនុញ្ញាតឱ្យមានការស្នើប្រាក់កម្ចីតាមទូរស័ព្ទបាន ប៉ុន្តែរាល់ដំណើរការត្រួតពិនិត្យគឺនៅអនុវត្តតាមរបៀបចាស់ដដែល ដោយតម្រូវឱ្យភ្នាក់ងារឥណទានចុះទៅដល់ផ្ទះរបស់អតិថិជន ដើម្បីពិនិត្យមើលពីការរីកចម្រើនក្នុងអាជីវកម្ម និងលទ្ធភាពទទួលកម្ចីជាក់ស្តែង។ គិតត្រឹមពាក់កណ្តាលឆ្នាំ2017 នេះប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជ39 ធនាគារឯកទេស15 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន7 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ 66ប្រតិបត្តិករឥណទានជនបទ267 ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ12 អ្នកដំណើរការតតិយភាគី13ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូកម្ពុជា1 ការិយាល័យ តំណាងធនាគារបរទេស 6 និងអាជីវករប្តូរប្រាក់ 2,437៕