ប្រាកដណាស់ថា ស្នាមញញឹមរបស់នារីៗគឺជាមន្តស្នេហ៍មួយសម្រាប់អ្នកដែលបានឃើញដូច្នេះអ្នកត្រូវតែមានវិធីមើលថែទាំធ្មេញរបស់អ្នកឱ្យស្អាត ស និងរឹងមាំ ត្រៀមជានិច្ចសម្រាប់ការញញឹមយ៉ាងស្រស់ស្រាយឱ្យអ្នកដែលនៅជុំវិញខ្លួនឈ្លក់វង្វេង តែតើត្រូវទទួលទានអ្វីខ្លះ ដើម្បីឱ្យធ្មេញសស្អាត និងរឹងមាំនោះ សូមតាមដានជាបន្ត…។
- អាហារពពួក ខាបូហាយដ្រេត
អាហារពពួក ខាបូហាយដ្រេត ដែលមានដូចជា ម្សៅ បាយ និងនំប៉័ងជាដើម ច្រើនតែជាប់នៅតាមប្រឡោះជើងធ្មេញ ឬបរិវេណអញ្ចាញធ្មេញ បន្ទាប់ពីនោះម្សៅនឹងបំបែកខ្លួនក្លាយជាស្ករមានមេរោគបាក់តេរី ធ្វើឱ្យកើតស្នាមកំណក និងអាចកើតជំងឺអញ្ចាញធ្មេញបាន ហើយក៏អាចធ្វើឱ្យធ្មេញពុកបានដែរ ដូច្នេះសម្រាប់អាហារប្រភេទ ខាបូហាយដ្រេត នេះគួរទទួលទានចំពោះតែពេលអាហារចម្បងៗដូចជា ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចបានហើយ ចៀសវាងទទួលទានលេងនៅចន្លោះពេលអាហារទាំងនោះ ព្រោះថានៅក្នុងពេលអាហារចម្បងៗទាំងនោះ អ្នកនឹងបញ្ចេញទឹកមាត់មកច្រើនណាស់ ទើបកម្ទេចកំណកអាហារទាំងនោះត្រូវបានលាងសម្អាតចេញអស់ដោយងាយ។
- គួរទទួលទានទឹកតែជាប្រចាំ
មិនថាតែធម្មតា តែខ្មៅ ឬតែបៃតងនោះទេសុទ្ធតែមានសារធាតុ ផូលីហ្វើណូល ដែលជាសារធាតុប្រឆាំងអនុមូលឥស្សរៈពីរុក្ខជាតិដែលការពារមិនឱ្យកំណកកខ្វក់លឿងៗមកតោងជាប់នៅលើធ្មេញ ជួយកាត់បន្ថយឱកាសក្នុងការកើតរោគធ្មេញពុក ឬរោគអញ្ចាញឱ្យថយចុះបាន។ ក្រៅពីនេះ វានៅអាចកាត់បន្ថយក្លិនមាត់ ដោយមានគុណសម្បត្តិទប់ស្កាត់ការរីកធំធាត់របស់មេរោគបាក់តេរីដែលជាមូលហេតុរបស់ក្លិនមាត់ថែមទៀត ហើយទឹកតែភាគច្រើននៅមាន ភ្លូអរ៉ាយដ៍ ដែលបានមកពីស្លឹកតែទៀតផង។
- ទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់
វីតាមីន C ប្រៀបដូចជាស៊ីម៉ង់ត៍ដែលភ្ជាប់កោសិកាផ្សេងៗឱ្យចូលមកជាប់ជាមួយគ្នា វាចាំបាច់ចំពោះស្បែកដូចគ្នានឹងសាច់ភ្នាសរបស់អញ្ចាញធ្មេញផងដែរ។ អ្នកដែលទទួលទានវីតាមីន C តិចជាង60មីល្លីក្រាមក្នុងមួយថ្ងៃ នឹងមានឱកាសកើតរោគអញ្ចាញធ្មេញខ្ពស់ជាងអ្នកដែលទទួលទានវីតាមីន C 180 មីល្លីក្រាម ឬច្រើនជាងនេះ 25% ដូច្នេះហើយទើបវីតាមីន C ជាចំណែកមួយដ៏សំខាន់ដែលជួយមើលថែទាំធ្មេញឱ្យរឹងមាំឡើង។
ត្រឹមតែវិធី3យ៉ាងងាយៗនេះ ធានាថា ធ្មេញរបស់អ្នកនឹងស្រស់ស្អាត ភ្លឺស និងរឹងមាំ ត្រៀមជាស្រេចសម្រាប់ការញញឹមដ៏ស្រស់ស្រាយ និងមានមន្តស្នេហ៍យ៉ាងពិតប្រាកដ៕