ក្រុមហង្សក្រហម Liverpool បានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ4វិញ ក្រោយពីបានផ្តួលក្រុម Bournemouth យ៉ាងរាបដូចកន្ទេលក្នុងលទ្ធផល 4-០ ខណៈដែលក្រុម Manchester United បានរក្សាក្តីសង្ឃឹមនៃការប្រជែងក្របខ័ណ្ឌ Premier League របស់ពួកគេតាមរយៈការផ្តួលក្រុម West Bromwich Albion 2-1 កាលពីថ្ងៃអាទិត្យ។
ស្របពេលដែលក្រុម Manchester City កំពុងតែមានពិន្ទុនាំមុខដាច់យ៉ាងឆ្ងាយនៅលើកំពូលតារាងនោះ ក្រុម Man United ត្រូវតែដណ្តើមជ័យជម្នះឲ្យបាននៅកីឡដ្ឋាន Hawthorns ដើម្បីមានឱកាសណាមួយក្នុងការដេញតាមឲ្យទាន់គូប្រជែងក្នុងតំបន់តែមួយរបស់ពួកគេ។ ខ្សែប្រយុទ្ធ Romelu Lukaku បានជួយឲ្យក្រុមរបស់លោក Jose Mourinho មានគ្រាប់បាល់នាំមុខមុននៅនាទីទី27 ហើយខ្សែបម្រើ Jesse Lingard រកបាន1គ្រាប់ទៀតដើម្បីបន្ថែមការនាំមុខរបស់ក្រុមខ្លួននៅនាទីទី35។ ប៉ុន្តែ Man United មិនបានកត់ត្រាជ័យជម្នះយ៉ាងងាយស្រួលឡើយ ក្រោយពីខ្សែបម្រើ Gareth Barry បានធ្វើការវាយបកបាន1គ្រាប់វិញសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី77។ ប៉ុន្តែ Man United នៅតែបានបញ្ចប់ការប្រកួតនេះតាមរយៈការដណ្តើមបានជ័យជម្នះមួយដែលបានធ្វើឲ្យពួកគេរក្សាការដេញតាមពីក្រោយក្រុម Man City ចំនួន11ពិន្ទុ។ លោក Mourinho បានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងពិតជាស័ក្តិសមក្នុងការឈ្នះហើយ។ យើងគឺជាក្រុមខ្លាំងបំផុត។ យើងបានគ្រប់គ្រងការប្រកួតនេះអស់រយៈពេលជាយូរ។ ភាពស្វិតស្វាញក្នុងតង់ទី1 មិនដូចភាពស្វិតស្វាញក្នុងតង់ទី2ឡើយ»។
ស្របពេលជាមួយគ្នានេះ ខ្សែបម្រើប្រយុទ្ធ Mohamed Salah និង Philippe Coutinho បានជួយឲ្យក្រុម Liverpool ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 4-០ នៅលើទឹកដីក្រុម Bournemouth ខណៈដែលក្រុមហង្សក្រហមមួយនេះបានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ4នៅលើតារាងក្របខ័ណ្ឌ Premier League វិញ៕
ប្រភពពី៖ Sport24