«វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» នេះជាសុភាសិតដែលប្រជាជនខ្មែរគ្រប់គ្នាបានដឹង បានចាំ និងបានឮយ៉ាងហោចណាស់ម្តងក្នុងជីវិត តែថ្មីៗនេះយើងមើលឃើញជាទូទៅថា ការប្រើប្រាស់ភាសាខ្មែរដែលជាផ្នែកមួយយ៉ាងសំខាន់របស់វប្បធម៌ ហាក់ត្រូវបានគេប្រើប្រាស់ខុសច្រើននៅក្នុងបណ្តាញសង្គម ជាពិសេសនៅក្នុងបណ្តាញ Facebook។
អ្នកដែលបានប្រើភាសាខ្មែរខុសនោះមានទាំងយុវជន និស្សិត អ្នកជំនាញបច្ចេកទេស អ្នកធ្វើការងារក្នុងស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងអ្នកខ្លះទៀតជាអ្នកដែលមានប្រជាប្រិយភាពក្នុងសង្គមថែមទៀតផង ដែលចំណុចទាំងអស់នេះបានជំរុញឱ្យមានការយល់ច្រឡំ និងបញ្ហាកើតឡើងសម្រាប់វិស័យអក្សរសាស្ត្រខ្មែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសន៍ជាមួយលោក ឈិន សីហា ប្រធានស្ថាបនិកក្លិបអក្សរសាស្ត្រខ្មែរ ដើម្បីបង្ហាញពីផលលំបាកនៃការប្រើប្រាស់ភាសាខុស និងគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នៅក្នុងសង្គម៖
តើការប្រើប្រាស់ភាសាខុសក្នុងបណ្តាញសង្គមបានជះផលប៉ះពាល់អ្វីខ្លះដល់សង្គម?
ការប្រើប្រាស់ភាសាខុសជារឿងគ្រោះថ្នាក់មួយសម្រាប់វិស័យអក្សរសាស្ត្រជាតិ ព្រោះថានៅពេលដែលយើងទាំងអស់គ្នាជាមនុស្សទូទៅដែលមិនស្ថិតក្នុងចំណាប់អារម្មណ៍របស់សាធារណជនសរសេរខុសវាមិនសូវជាបញ្ហាប៉ុន្មាននោះទេ តែប្រសិនបើមនុស្សដែលមានប្រជាប្រិយភាពសរសេរខុសវិញនោះ គេគ្រប់គ្នានឹងគិតថាសំណេរនោះត្រូវ ហើយនឹងអនុវត្តតាម។ ការអនុវត្តតាមគ្នានេះអាចធ្វើឱ្យមនុស្សទូទៅលែងស្គាល់ពាក្យត្រឹមត្រូវពិតប្រាកដ ហើយក្លាយជារឿងខុសដោយមិនដឹងខ្លួន។ ម្យ៉ាងវិញទៀត ពេលខ្លះយើងក៏ឃើញមានស្ថាប័នសាធារណៈមួយចំនួនបានសរសេរផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនដោយមានកំហុសអក្ខរាវិរុទ្ធផងដែរ ដែលជាហេតុធ្វើឱ្យប្រជាជនមានការយល់ច្រឡំ។
តើគួរធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាពាក្យខុសនេះក្នុងស្ថាប័នសាធារណៈ?
ចំពោះការសរសេរខុស នៅក្នុងស្ថាប័នសាធារណៈគឺជារឿងមួយដែលមិនគួរកើតឡើងនោះឡើយព្រោះការផ្សព្វផ្សាយរបស់គាត់ជាការផ្សព្វផ្សាយផ្លូវការដែលមនុស្សជឿទុកចិត្តច្រើន ហេតុនេះនៅពេលដែលគាត់សរសេរខុស ប្រជាជននឹងយល់ថាត្រូវ ហើយនៅពេលដែលឃើញពាក្យត្រូវវិញប្រជាជនអាចគិតថាខុស។ ហេតុនេះដើម្បីដោះស្រាយ ក្រសួងស្ថាប័នពាក់ព័ន្ធគួរមានវិធានការក្នុងការធ្វើវិក្រឹតការផ្នែកអក្សរសាស្ត្រដើម្បីឱ្យមន្ត្រី ឬបុគ្គលិកបានយល់ច្បាស់ពីការប្រើប្រាស់ភាសា ឬចំណុចមួយចំនួនដែលមានការយល់ច្រឡំ ហើយចៀសវាងកំហុសដទៃទៀត។ ក្រៅពីនេះយើងក៏អាចធ្វើសិក្ខាសាលាមួយចំនួនដោយអញ្ជើញអ្នកជំនាញអក្សរសាស្ត្រដើម្បីធ្វើបទបង្ហាញពីការប្រើប្រាស់អក្សរសាស្ត្រជាទៀងទាត់ តែកុំឱ្យរំខានច្រើនដល់ការធ្វើកិច្ចការងាររបស់គាត់ ដើម្បីផ្តល់ឱកាសឱ្យគាត់បានស្វែងយល់ពីអក្សរសាស្ត្រឱ្យបានទូលំទូលាយ។ លើសពីនេះទៅទៀត ការធ្វើសេចក្តីណែនាំជាលាយលក្ខអក្សរ ឬជាការពិន័យរដ្ឋបាលចំពោះកំហុសដដែលៗអាចជាវិធីសាស្ត្រមួយក្នុងការជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភាសាក្នុងការផ្សព្វផ្សាយរបស់ស្ថាប័នសាធារណៈ។
តើធ្វើយ៉ាងណាដើម្បីជំរុញឱ្យសាធារណជនទូទៅប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងបណ្តាញសង្គម Facebook?
ការប្រើប្រាស់ភាសាខុសក៏ជាកត្តាប្រឈមផងដែរដែលកំពុងជួបប្រទះក្នុងសង្គមរបស់យើង ព្រោះនៅពេលបច្ចុប្បន្ននេះយើងទាំងអស់គ្នាបានឃើញហើយថាការប្រើប្រាស់ភាសារបស់ប្រជាជនខ្មែរយើងនៅមានកម្រិត ដែលមនុស្សមួយចំនួនកំពុងប្រើប្រាស់ភាសាខុសលើសំណេររបស់ខ្លួន ហើយតែងតែបង្ហាញជាសាធារណៈនៅក្នុងបណ្តាញសង្គម។ បញ្ហាទាំងអស់នេះអាចបណ្តាលមកពីពួកគាត់មិនសូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ តែវាក៏អាចមកពីយើងមិនទាន់មានយន្តការក្នុងការដោះស្រាយបញ្ហាអក្សរសាស្ត្រក្នុងបណ្តាញបច្ចេកវិទ្យាផងដែរ។
ជាដំណោះស្រាយ យើងឃើញហើយថាសម្រាប់ភាសាបរទេសមួយចំនួនគេមានកម្មវិធីកែតម្រូវលើបណ្តាញបច្ចេកវិទ្យា រួមទាំងកម្មវិធីបង្ហាញកំហុសអក្ខរាវិរុទ្ធ ដោយដាក់សញ្ញាផ្សេងៗដើម្បីបង្ហាញថាសំណេរនោះមិនត្រឹមត្រូវ ខណៈកម្មវិធីមួយទៀតគឺបានបិទមិនឱ្យសរសេរពាក្យខុសនោះថែមទៀតផង។ សម្រាប់ភាសាខ្មែរយើង តាមពិតទៅយើងក៏អាចធ្វើបែបនោះបានដែរដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងអក្សរសាស្ត្រ។
ប្រសិនបើយើងកំណត់ឱ្យពាក្យខុសក្នុងបណ្តាញបច្ចេកវិទ្យាមិនអាចសរសេរបាន នោះប្រជាជនយើងនឹងស្វែងរកពាក្យត្រូវមកសរសេរវិញ ខណៈពេលខ្លះកម្មវិធីបង្ហាញពាក្យខុសមួយចំនួនក៏អាចជាដំណោះស្រាយលើកត្តាប្រឈមផងដែរ ដែលអាចធ្វើឱ្យប្រជាជនខ្មែរយើងដឹងខ្លួនភ្លាមៗបន្ទាប់ពីគាត់បានសរសេរខុស ហើយងាយកែតម្រូវវិញ៕