Skip to content

គុណភាព​សេវាកម្ម​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ល្អប្រសើរ

វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវ​អន្តរជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​វិស័យនេះ​ហាក់​នៅតែ​មិនទាន់​រៀបរយ​បានល្អ​នោះទេ​លើ​ផ្នែក​មួយចំនួន​ដូចជា ការផ្តល់សេវា​ប្រកបដោយ​គុណភាព និង​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព រហូតដល់​ចុងក្រោយ​នេះ​អាជ្ញាធរ​បាន​លូកដៃ​ចូល​ដោយ​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​បី​ផ្សេងទៀត​នាំ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា។

នាពេល​កន្លងមក​ផ្នែក​ឯកជន​ធ្លាប់បាន​លើកឡើង​ពី​គុណវិបត្តិ​នៃ​ការប្រកួតប្រជែង​ដែល​តែង​កើតមាន​នៅក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការលក់​បញ្ចុះតម្លៃ​ទាប​ខ្លាំង​នៅពេល​មាន​ភ្នាក់ងារ​ទិញ​ណាមួយ​ចរចា​តម្លៃ​ជាមួយ​ក្រុមហ៊ុន​នានា​ក្នុងស្រុក ដោយ​អ្នក​ប្រកប​អាជីវកម្ម​ក្នុងស្រុក​បញ្ចុះតម្លៃ​ដ៏​ទាប​ក្នុងន័យ​ទាក់ទាញ​អតិថិជន​ឱ្យមក​ទទួល​សេវា​របស់ខ្លួន ប៉ុន្តែ​នៅពេលដែល​ភ្ញៀវ​ទទួល​សេវា អ្នកផ្តល់​សេវា​បាន​កាត់បន្ថយ​គុណភាព​សេវាកម្ម​របស់ខ្លួន​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​ខាត​តម្លៃ​ដើម ឬ​ទទួលបាន​ប្រាក់ចំណេញ។ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ធ្លាប់​បានស្នើ​ជាច្រើនលើក​អំពី​ការបញ្ឈប់​ការប្រកួតប្រជែង​គ្នាឯង​ដោយ​បន្ទាប​តម្លៃ ឬ​បន្ថយ​គុណភាព​សេវាកម្ម។

ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ទាំងអស់នោះ​ក្រសួងទេសចរណ៍ កាលពីពេល​កន្លងមក បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការដាក់ឱ្យ​អនុវត្តន៍​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប្រកាស​នេះ​បានចែង​លម្អិត​នូវ​ចំណុច​មួយចំនួន​ដូចជា ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ដែលមាន​គោលបំណង​ការពារ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ​វិជ្ជាជីវៈ​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ព្រមទាំង​ធានា​ឱ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ​របស់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ក្នុងការ​ប្រកប​រប​រវិ​ជ្ជា​ជីវៈ​ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​ភ្ញៀវទេសចរ។ ប្រកាស​នោះ​ក៏បាន​ចែង​ដែរ​ថា ត្រូវ​ដាក់ឱ្យអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍ លើកកម្ពស់​សីលធម៌​សង្គម និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងនាម​ជា​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ចំពោះ​ភ្ញៀវ​ដែល​បាន​ទិញ​សេវាកម្ម ឬ​កញ្ចប់​ខ្សែ​ទស្សនកិច្ចផ្សេង។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) បាន​ថ្លែងថា ក្រមសីលធម៌​ដែល​ក្រសួងទេសចរណ៍​ប្រកាស​នេះ​ជា​រឿង​ល្អ ព្រោះ​វា​មិន​នាំឱ្យ​ខាតបង់​ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នោះទេ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​អនុវត្ត​ឱ្យបាន​ព្រម​គ្នា​ទាំង​មន្ត្រី និង​ទាំង​វិស័យ​ឯកជន។

លោក ស៊ីណាន បាន​បញ្ជាក់ថា៖“រឿងនេះ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ទាំងអស់គ្នា​ទាំង​អ្នក​ប្រកប​អាជីវកម្ម និង​អ្នកអនុវត្ត​ច្បាប់។ បើ​មានច្បាប់ អនុវត្ត​តាមច្បាប់ វា​នឹង​ជួយ​ឱ្យ​ពាណិជ្ជកម្ម​ល្អ ព្រមទាំង​ធ្វើឱ្យ​បរិយាកាស​អាជីវក​ម្មមា​ន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ប្រទេសជាតិ។

យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិត​មកដល់ពេលនេះ​មាន​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​នៅ​កម្ពុជា​សរុប​ចំនួន 682ក្រុមហ៊ុន ក្នុងនោះ​សាខា​មាន​ចំនួន88។ ក្រសួង បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចូលក្នុង​ប្រទេស​ចំនួន487 ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចេញ​ក្រៅប្រទេស​ចំនួន49 ការី​ទេសចរណ៍​នាំ​ភ្ញៀវ​កម្សាន្ត​ក្នុងស្រុក​ចំនួន44 និង​ភ្នាក់ងារទេសចរណ៍ ចំនួន238៕

Leave a Reply

Your email address will not be published. Required fields are marked *