បន្ទាប់ពីការត្អូញត្អែរអំពីការខ្វះខាតទុនសម្រាប់ទិញស្រូវជាបន្តបន្ទាប់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល2ឆ្នាំ ឬ2រដូវកាលប្រមូលផលស្រូវចុងក្រោយនេះ បានទម្លាក់កញ្ចប់ថវិកាប្រមាណ 50លានដុល្លារសម្រាប់ឱ្យម្ចាស់រោងម៉ាស៊ីនខ្ចីធ្វើជាដើមទុនទិញស្រូវ ប៉ុន្តែថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ ដែលជាអ្នកគ្រប់គ្រងចាត់ចែងកញ្ចប់ថវិកានោះ បានអះអាងថា មានថវិកាតិចតួចប៉ុណ្ណោះត្រូវបានគេខ្ចីយកទៅប្រើប្រាស់។
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាចំនួន50លានដុល្លារសម្រាប់ត្រៀមផ្តល់កម្ចីដល់ម្ចាស់រោងម៉ាស៊ីន និងអ្នកទិញស្រូវសម្រាប់ប្រើប្រាស់ជាទុនបង្វិល ប៉ុន្តែថវិកាតិចតួចប៉ុណ្ណោះដែលត្រូវបានខ្ចីយកទៅប្រើប្រាស់។ ឯកឧត្តម បានលើកឡើងថា ទឹកប្រាក់ប្រមាណ17លានដុល្លារនៃកញ្ចប់ថវិកា50លានដុល្លារត្រូវបានផ្នែកឯកជនខ្ចីយកទៅប្រើប្រាស់ ដោយមានអ្នកខ្ចីជាង30នាក់ ស្ថិតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ ភ្នំពេញ និងខេត្តព្រៃវែង។
ការទទួលយកថវិកាក្នុងចំនួនតិចតួចនេះដែលមិនសមស្របចំពោះការត្អូញត្អែរក្នុងពេលកន្លងមក ត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីមូលហេតុមួយចំនួនដូចជា ម្ចាស់រោងម៉ាស៊ីនមិនខ្វះទុនបង្វិលនោះទេ ប៉ុន្តែបង្កើតក្តីព្រួយបារម្ភរឿងខ្វះទុន, ការខ្ចីបន្ថែមអាចជាក្តីបារម្ភចំពោះការជាប់បំណុលបន្ថែម ខណៈទីផ្សារមិនច្បាស់លាស់, ការទិញស្រូវស្តុកមានស្រាប់ហើយ ក៏បង្វិលស្រូវចេញទៅកាន់ទីផ្សារទាន់ពេលសម្រាប់បានទុនយកមកទិញស្រូវបន្តទៀត។
បច្ចុប្បន្ននេះធនាគារអភិវឌ្ឍន៍ជនបទ កំពុងប្រើប្រាស់ថវិកាជិត100លានដុល្លារសម្រាប់ត្រៀមឱ្យវិស័យស្រូវអង្ករខ្ចី ដោយក្នុងនោះថវិកា50លានដុល្លារជាកញ្ចប់ថវិកាពិសេស 37លានដុល្លារជាមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងថវិការបស់ធនាគារអភិវឌ្ឍន៍ជនបទផ្ទាល់។ ធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់កម្ចីក្នុងអត្រាការប្រាក់5%ក្នុងមួយឆ្នាំ ព្រមទាំងបូកបន្ថែមកម្រៃសេវាកម្ម1%ពីលើ។
ឯកឧត្តមអគ្គនាយក បានឱ្យដឹងថា ក្នុងចំណោមថវិការបស់ធនាគារអភិវឌ្ឍន៍ជនបទ 54%នៃថវិកានោះត្រូវប្រើប្រាស់សម្រាប់វិស័យស្រូវអង្ករ។ ឯកឧត្តម បានបញ្ជាក់ថា៖“ការទម្លាក់ថវិកាទៅលើផ្នែកតែមួយច្រើនបែបនេះគឺជាហានិភ័យផ្នែកហិរញ្ញវត្ថុមួយ ប៉ុន្តែវាមិនថ្វីទេ ការអនុវត្តបែបនេះបានដោយសារប្រភពទុននេះជាថវិការបស់រដ្ឋ។
លោក ហេង ផេង នាយកក្រុមហ៊ុនថ្មគោល រាយស៍ នៅក្នុងខេត្តបាត់ដំបង បានអះអាងថា លោកមិនប្រើប្រាស់ប្រភពទុនពីធនាគារអភិវឌ្ឍន៍ជនបទសម្រាប់បង្វិលទិញស្រូវនោះទេ ប៉ុន្តែលោកបានប្រើប្រាស់ប្រភពទុនពីធនាគារពាណិជ្ជសម្រាប់ទិញស្រូវក្នុងរដូវប្រមូលផលម្តង។ លោក ហេង ផេង និយាយថា៖“ខ្ញុំបានប្រើប្រាស់សេវាធនាគារពាណិជ្ជជាយូរមកហើយ ដូចនេះខ្ញុំយល់ថាវាមានភាពងាយស្រួលសម្រាប់ខ្ញុំ។ ម្យ៉ាងទៀតការចំណាយលើអត្រាការប្រាក់ និងការចំណាយផ្សេងៗទៀត ក៏មិនខុសគ្នាប៉ុន្មានដែរ។
ម្ចាស់រោងម៉ាស៊ីនមួយកន្លែងនៅរាជធានីភ្នំពេញដែលស្នើមិនបញ្ចេញឈ្មោះ បានអះអាងថា ប្រភពទុនពីធនាគារអភិវឌ្ឍន៍ជនបទជារឿងល្អមួយ ប៉ុន្តែក្នុងពេលកន្លងមកម្ចាស់រោងម៉ាស៊ីនមួយចំនួនមិនទៅរកធនាគារអភិវឌ្ឍន៍ជនបទ ដោយសារអត្រាការប្រាក់ និងកម្រៃសេវា1% ពីលើទំហំឥណទាន គឺមានលក្ខណៈស្រដៀងគ្នាជាមួយប្រភពហិរញ្ញវត្ថុពីវិស័យឯកជនដែរ។
លោក បានបន្ថែមថា វិស័យហិរញ្ញវត្ថុឯកជនមានលក្ខណៈងាយស្រួលជាង ដោយសារសេវារបស់វិស័យឯកជនយកចិត្តទុកដាក់ជាមួយអតិថិជន ដែលអ្នកស្វែងរកសេវាត្រូវការភាពកក់ក្តៅលើរបៀបរបបនៃបដិសណ្ឋារកិច្ច៕