Skip to content

វិនិយោគិន​ចិន​គ្រោង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា

ដើម្បី​ចូលរួម​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជា​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន ក្រុម​អ្នកវិនិយោគ​ចិន​ជាច្រើន បាន​សហការគ្នា​គ្រោង​នឹង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា​នៅពេល​ខាងមុខ។

តំណាង​ប្រតិភូ​មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន លោក​បណ្ឌិត Wang Dongsheng បាន​ថ្លែង​ឱ្យដឹង​ក្នុង​ពេលធ្វើ​បទឧទ្ទេសនាម​បង្ហាញ​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​សប្តាហ៍​កន្លងទៅ​ថា ក្រុមហ៊ុន​របស់លោក​ត្រូវការ​ផ្ទៃដី​សាងសង់​ប្រមាណ​ចន្លោះ​ពី500-600ហិកតា ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា និង​សង់​រោងចក្រ​ឱ្យបាន​ច្រើន​ផ្នែក​ទៀត។ លោក​បន្តថា ការសាងសង់​តំបន់ឧស្សាហកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សាងសង់​បណ្តុំ​រោងចក្រ​មួយចំនួន​ដូចជា រោងចក្រ​ផលិត​ទឹកស្អាត និង​ឧបករណ៍​បរិស្ថាន រោងចក្រ​ផលិត​អាលុយមីញ៉ូម ដែលជា​ធាតុ​ផ្សំ​សម្រាប់​ផលិត​ជា​វត្ថុធាតុដើម​បម្រើឱ្យ​ការផលិត​ទឹកស្អាត សួន​ឧស្សាហកម្ម​គីមី រោងចក្រ​ថ្នាំពេទ្យ សាលា ឬ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា​ជាន់ខ្ពស់ និង​សាកលវិទ្យាល័យ​ជាដើម។

លោក​ប្រាប់ទៀតថា ទីតាំង​ដែលមាន​សក្តានុពល​ក្នុងការ​សាងសង់​សួន​ឧស្សាហ​កម្មនេះ មិនមែន​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ គឺធ្វើឡើង​នៅតាម​បណ្តា​ខេត្ត ដែល​បង្ក​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន ពិសេស​តំបន់​មាត់សមុទ្រ​ដូចជា​ខេត្តកំពត​ជាដើម ដោយសារ​ខេត្ត​នេះ​នៅជាប់​មាត់សមុទ្រ​ផង និង​មាន​ដី​នៅសល់​ទំនេរ​ច្រើន។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ការសាងសង់​តំបន់ឧស្សាហកម្ម​ដ៏​ធំ​នេះ និង​បាន​និយាយថា ជាការ​ប្រសើរ​ណាស់​ប្រសិនបើ​ក្រុមហ៊ុន​អាច​ស្វែងរក​ទីតាំង​បាន​នៅ​ខេត្តកំពត។ ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ប្រតិភូ​ខាងលើ​ថា បើសិន​ខ្វះ​ទីតាំង​មិនអាច​រកបាន​នៅក្នុង​ខេត្តកំពត កម្ពុជា​ក៏​នៅមាន​ទីតាំង​សក្តានុពលផ្សេងៗទៀត​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន​ដែរ ដូចជា​ក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ពីព្រោះ​ទីនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ មាន​បណ្តាញ​ផ្លូវគោក កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ផ្លូវ​រថភ្លើង និង​ព្រលានយន្តហោះ​ជាដើម។

គួរ​បញ្ជាក់ថា ដោយសារ​កម្ពុ​ជាមាន​តម្រូវការ​ផ្នែក​វត្ថុធាតុដើម​សម្រាប់​ផលិត​ទឹកស្អាត គឺ​ប៉ូ​លី-អាលុយមីញ៉ូម​ក្ល​រ៉ៃ ហៅ​កាត់​ថា ភី​អេ​ស៊ី (PAC) ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​កសាង​រោងចក្រ​ផលិត​ជាតិ PAC ដែលជា​សារធាតុ​ម្យ៉ាង​សម្រាប់​ចាប់​កករ​ក្នុង​ទឹក នៅ​ទីតាំង​ផ្ទៃដី​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ព្រែក​តាសេក​ជាយ​រាជធានី​ភ្នំពេញ។

ក្រោយពី​កិច្ចពិភាក្សា​ក្រុមហ៊ុន​ចិន បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុងការ​សាងសង់​រោងចក្រ​នៅ​កម្ពុជា​ឱ្យបាន​ឆាប់ ហើយ​ថា​នៅ​ដើមឆ្នាំ2018 ខាងមុខ​ក្រុម​ប្រតិភូ​ខាងលើ​នឹងធ្វើ​ដំណើរ​មក​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ជាថ្មី​ម្តងទៀត មុននឹង​សម្រេច​ជ្រើសរើស​ទីតាំង​ណាមួយ​ពិតប្រាកដ ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន៕

Leave a Reply

Your email address will not be published. Required fields are marked *