យើងបកសម្បកខ្ទឹមបារាំងរួចក៏បោះវាចោលទៅក្នុងធុងសំរាម ព្រោះតែយើងគិតថាវាគ្រាន់តែជាផ្នែកខាងក្រៅ មិនមានប្រយោជន៍អី្វនឹងត្រូវរក្សាទុកទៀតនោះទេ ប៉ុន្តែការពិតទៅការបោះចោលសម្បកខ្ទឹមបារាំងគឺប្រៀបបានទៅនឹងការបោះចោលនូវគុណប្រយោជន៍ ដ៏សំខាន់មួយដែលអ្នកមិនដែលនឹកស្មានដល់។
សម្បកខ្ទឹមបារាំងលាក់ទុកនូវជាតិសរសៃ និង Phenolic ដែលអាចជួយការពារអ្នកពីជំងឺបេះដូង ហើយក៏មានសមត្ថភាពអាចជួយគ្រប់គ្រងសម្ពាធឈាម និងការពារកុំឱ្យកើតមានការកកស្ទះសរសៃឈាមផងដែរ។ ដូច្នេះពេលក្រោយ នៅពេលដែលអ្នកចម្អិនអាហារណាដែលយកខ្ទឹមបារាំងធ្វើជាបន្លែនោះ សូមកុំចោលសម្បករបស់វាទៀត ចូរប្រមូលវាទុកមួយអន្លើ ដើម្បីទាញយកប្រយោជន៍ចំពោះសុខភាពរបស់អ្នក។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីសម្បកខ្ទឹមបារាំងរួមមានដូចជា ៖
– កាត់បន្ថយកម្រិតនៃជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ
– រក្សាសម្ពាធឈាមឱ្យនៅក្នុងកម្រិតល្អប្រសើរ
– កាត់បន្ថយអាការថយចុះកម្លាំង
– ប្រយុទ្ធប្រឆាំង និងការរងប្រតិកម្ម
– ជួយទ្រទ្រង់ដំណើរការនៃការធ្វើចលនារបស់សាច់ដុំ
– កាត់បន្ថយការរលាក និងហើមជាដើម។
អ្នកប្រហែលជាចាប់ផ្តើមឆ្ងល់ហើយមែនទេថា តើអ្នកអាចយកសម្បកខ្ទឹមបារាំងមកធ្វើជាប្រយោជន៍ចំពោះសុខភាព និងស្បែកបានយ៉ាងដូចម្តេច បើអ្នកមិនអាចបរិភោគវាបានផងនោះ?
ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដែលអ្នកអាចធ្វើបាន៖
1/ វិធីលឿនបំផុត និងងាយស្រួលបំផុតទីមួយគឺ ដាក់វាចូលទៅក្នុងម្ហូបដែលអ្នកត្រូវចម្អិនស្រាប់។ លុះពេលដែលម្ហូបនោះឆ្អិនគ្រាន់តែស្រង់វាចេញជាការស្រេច។ សារធាតុទាំងឡាយដែលមាននៅក្នុងសម្បកខ្ទឹមបារាំងនឹងរលាយចូលទៅក្នុងទឹកសម្លក្នុងពេលកំពុងចម្អិន។
2/ វិធីមួយផ្សេងទៀតគឺ យកវាមកធ្វើជាតែជំនួសតែទូទៅ ដោយការដាំទឹកឱ្យពុះ រួចបង់សម្បកខ្ទឹមបារាំងចូលហើយទទួលទានដូចធម្មតាជាការស្រេច។
3/ សម្រាប់អ្នកដែលមានអាការរមួលក្រពើក៏អាចសាកល្បងព្យាបាលដោយការទទួលទានទឹកសម្បកខ្ទឹមនេះរាល់យប់មុនពេលចូលគេងបានដែរ ប៉ុន្តែអ្នកត្រូវរំងាស់វារយៈពេល15-20នាទី រួចត្រងវាយកកាកចេញមុនទទួលទាន។ ក្រៅពីនេះ សម្បកខ្ទឹមបារាំងក៏អាចជួយឱ្យសក់ឆាប់លូតលាស់ផងដែរ។ ហេតុផលគឺ ខ្ទឹមបារាំងសម្បូរទៅដោយជាតិស្ពាន់ធ័រ ដែលជាតិរ៉ែប្រភេទនេះជួយបង្កើត Collagen ជួយឱ្យសក់របស់អ្នកលូតលាស់ ភ្លឺរលោង និងមានសុខភាពល្អ។ គ្រាន់តែយកសម្បកខ្ទឹមបារាំងទៅដាំ រួចយកទឹកដែលដាំរួចនោះធ្វើជាទឹកលាងសម្អាតសក់ជំនួសទឹកធម្មតាជាការស្រេច។
4/ ប្រសិនបើស្បែករបស់អ្នកមានបញ្ហាដូចជារមាស់ជាដើម សម្បកខ្ទឹមបារាំងអាចជួយអ្នកបាន ដោយគ្រាន់តែយកវាមកត្រដុសពីលើស្បែកត្រង់បរិវេណដែលរមាស់នោះ រួចសម្អាតចេញដោយសាប៊ូជាការស្រេច។
ចំណាំ៖ សម្បកខ្ទឹមបារាំងដែលអ្នកយកមកប្រើត្រូវតែជាសម្បកខ្ទឹមបារាំងធម្មជាតិគ្មានជាតិគីមី ព្រោះបើវាជាសម្បកខ្ទឹមបារាំងដែលមានជាតិគីមីអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ ក្រៅពីនោះប្រសិនបើអ្នកជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលកំពុងបំបៅកូន សូមកុំអនុវត្តវិធីនេះ ព្រោះវាធ្វើឱ្យរមាស់ស្បែករបស់អ្នកបាន៕