ខណៈទិន្នផលគ្រាប់ស្វាយចន្ទីស្រស់ ឬមិនទាន់កែច្នៃភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារវៀតណាម ថ្មីៗនេះកម្ពុជាបានបើកទីផ្សារថ្មីមួយទៀតដោយគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រមាណ1ម៉ឺនតោននឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង។
លោក Hasan Nodin នាយកក្រុមហ៊ុន Camshew Company, Ltd បញ្ជាក់ប្រាប់ថា ការចុះអនុស្សារណៈយោគយល់គ្នានេះគឺធ្វើឡើងដើម្បីបង្កើតកិច្ចសហប្រតិបត្ដិការក្នុងការនាំគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រមាណ1ម៉ឺនតោនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយដំណាក់កាលដំបូងក្រុមហ៊ុនរបស់លោកនឹងនាំចេញប្រហែល1,000តោននៅខែកុម្ភៈ ឆ្នាំ2018។ លោកបន្ដថា ក្រុមហ៊ុនរបស់លោកនឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឱ្យដល់5-6តោនក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានត្រឹមតែ1តោនប៉ុណ្ណោះក្នុង1ថ្ងៃ។
ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា Camshew Company, Ltd បានសហការរួមគ្នាជាមួយក្រុមហ៊ុនម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Naroo Marine Co., Ltd ដែលជាក្រុមហ៊ុនបញ្ជាទិញដើម្បីនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារកូរ៉េខាងត្បូងប្រមាណ1ម៉ឺនតោន។ ក្នុងនោះ Camshew Company, Ltd គ្រោងនឹងចំណាយប្រាក់100លានដុល្លារ បង្កើនសមត្ថភាពរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ពង្រីកឃ្លាំងស្ដុក និងពង្រីកផ្ទៃដីដាំដុះដំណាំស្វាយចន្ទី និងការប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ ដើម្បីផ្គត់ផ្គង់ទៅលើការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំក្រោយ និងឆ្នាំបន្ដបន្ទាប់ទៀត។
នាយកក្រុមហ៊ុន Camshew Company, Ltd បានបញ្ជាក់ថា៖“អនុស្សរណៈយោគយល់គ្នានេះ គឺជាកិច្ចសន្យាមួយឆ្នាំជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសកូរ៉េ។ នៅដំណាក់កាលដំបូងនេះយើងនឹងវិនិយោគប្រហែល 30លានដុល្លារលើរោងចក្រកែច្នៃស្វាយចន្ទី និងតំបន់ដាំដុះ។ យើងនឹងពង្រីកការវិនិយោគ និងផលិតកម្មនៅក្នុងឆ្នាំបន្តបន្ទាប់។
ក្រុមហ៊ុន Camshew Company, Ltd នឹងវិនិយោគលើចម្ការស្វាយចន្ទីចំនួន4ពាន់ហិកតា ហើយនឹងធ្វើការដាំដុះតាមកិច្ចសន្យាជាមួយសមាគមគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម សម្រាប់ចម្ការស្វាយចន្ទីប្រហែល 40,000ហិកតាដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទៅកូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថា ដើម្បីលើកកម្ពស់ផលិតភាពដំណាំស្វាយចន្ទីនៅកម្ពុជា នាពេលកន្លងមកអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន3 គឺទី1 កសាងសមត្ថភាពដល់សហគមន៍កសិករស្វាយចន្ទីកម្ពុជា ទី2 សម្រួលការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជា របស់សមាគមន៍ស្វាយចន្ទីវៀតណាម រហូត1លានតោនក្នុង1ឆ្នាំ និងទី3 សម្រួលការដឹកជញ្ជូននាំចេញ៕