នៅលើបណ្ដាញសង្គមយូធូបរបស់ផលិតកម្មថោន បានបង្ហោះចម្រៀងមួយបទដែលមានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» កាលថ្ងៃទី10 ខែធ្នូ ឆ្នាំ2017 ដែលបកស្រាយដោយអ្នកនាង ចេន សាយចៃ និងស្នាដៃនិពន្ធរបស់កវីល្បីឈ្មោះប្រចាំផលិតកម្មថោនគឺ លោក យឹម តាស្រង់ កំពុងតែទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមាត់ឡើយថា ពីរោះហើយមានអត្ថន័យល្អណាស់។
ដោយឡែកក៏មានមតិខ្លះទៀត បានរិះគន់យ៉ាងចំៗថា «សម្រាប់ខ្ញុំមិនគាំទ្រទេ ព្រោះបើចង់រិះគន់ ត្រូវរិះគន់បុគ្គល យកឈ្មោះបុគ្គលមករិះគន់មក បើច្រៀងបែបនេះ ទោះមិនមានន័យសំដៅលើគ្រូទាំងអស់ក៏ដោយ តែស្តាប់មើលទៅវាប៉ះពាល់អារម្មណ៍គ្រូគេល្អៗ ស្តាប់មើលទៅហាក់បីដូចជាគ្រូគ្មានតម្លៃសោះ បើចង់រិះគន់គ្រូណាម្នាក់ យកឈ្មោះគាត់មករិះគន់មក កុំបញ្ឆិតបញ្ឆៀង មិនល្អទាល់តែសោះ បើអ្នកនិពន្ធល្អ ហើយហ៊ានប្រឈមមុខ និងការពិត មិនមែនមកបញ្ឆិតបញ្ឆៀងអ៊ីចឹងទេ»។
ជាមួយគ្នានេះដែរ មុនពេលដែលបទចម្រៀងនេះត្រូវបានបញ្ចេញនៅលើទីផ្សារអនឡាញ កាលពីថ្ងៃទី7 ខែធ្នូ ឆ្នាំ 2017នេះ លោក យឹម តាស្រង់ បានរៀបរាប់បញ្ជាក់ពីការនិពន្ធបទចម្រៀងមួយបទនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា « ខ្ញុំនៅចាំពេញខួរក្បាល លោកគ្រូម្នាក់កាលខ្ញុំនៅរៀនបឋម ថ្ងៃមួយនោះម៉ោងរៀនពេលថ្ងៃមិនដឹងជាគាត់ស្រវឹងមកពីណា មុខហាក់មួម៉ៅខ្លាំង ហើយភ្នែកឡើងក្រហម ចូលមកដល់ហៅខ្ញុំឡើងកែលំហាត់ ពេលខ្ញុំធ្វើខុសគាត់ឱ្យខ្ញុំបែរមុខទៅក្តារខៀនហើយទាញរំពាត់ផ្តៅប៉ុនមេដៃប្រវែងជាងកន្លះម៉ែត្រ វ៉ៃយកៗ ខ្ញុំនៅក្មេងឈឺពេកទ្រាំមិនបានក៏យកដៃក្រពាត់ទៅក្រោយដើម្បីរង»។
លោកបញ្ជាក់បន្ថែមថា ពេលនោះគាត់វ៉ៃខ្លាំងត្រូវដៃ ខ្ញុំឈឺលោតរមួលដួល ហើយស្ទុះក្រោកវិញយំទឹកភ្នែករហាម រួចគាត់ក៏ឱ្យខ្ញុំទៅអង្គុយតុវិញ ពេលនោះខ្ញុំគិតតែយំ ព្រោះត្រង់ដៃដែលគាត់វ៉ៃត្រូវនោះឈឺខ្លាំង និងចាប់ផ្តើមហើមខ្លាំងបន្តិចម្តងៗ ពេលមកដល់ផ្ទះ ម៉ែខ្ញុំឃើញខ្ញុំយំ ហើយឃើញដៃហើមខ្លាំង គាត់ខឹងជេរគ្រូបណ្តើរ លាបប្រេងកូឡាឱ្យខ្ញុំបណ្តើរ។
មកដល់ពេលនេះ រាល់ពេលទៅភូមិកំណើតម្តងៗ ឃើញមុខគាត់ ខ្ញុំនឹកឃើញរឿងហ្នឹងភ្លាម នេះហើយគ្រូបង្រៀនស្រវឹងស្រាដែលខ្ញុំធ្លាប់ជួបក្នុងជីវិតនេះ វាជាការឈឺចាប់របស់ក្មេងស្រុកស្រែម្នាក់ដែលចងចាំរឿងនេះតាំងពីក្មេងមកដល់ពេលនេះមិនរលុបបាត់ឡើយ៕