លោក Arsene Wenger ដឹងថា ក្រុម Arsenal មិនអាចបណ្តោយឲ្យមានការភ្លាត់ស្នៀតទៀតឡើយនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle នាកីឡដ្ឋាន Emirates ដោយមានបំណងបញ្ចប់ការប្រកួតមិនស្គាល់ឈ្នះក្នុងក្របខ័ណ្ឌ Premier League ត្រឹម3ប្រកួត។
ក្រុមរបស់លោក Wenger បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម West Ham United កាលពីថ្ងៃពុធ និងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ7 មុននឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមសារិកាព្រៃរបស់លោក Rafael Benitez នៅរាត្រីថ្ងៃសៅរ៍នេះ។ មានការខុសគ្នាត្រឹមតែ1ពិន្ទុប៉ុណ្ណោះរវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមឈរលេខ4 Tottenham Hotspur ប៉ុន្តែ អ្វីដែលជាភាពស្វិតស្វាញយ៉ាងពិតប្រាកដនោះ គឺការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុម Arsenal មិនអាចបាត់បង់ពិន្ទុទៀតឡើយក្នុងពេលប្រកួតជាមួយនឹងក្រុម Newcastle។
ការបញ្ចប់ក្នុងលទ្ធផលស្មើនៅលើទឹកដីក្រុម West Ham បានកើតឡើង ក្រោយពីទទួលបានលទ្ធផលស្មើ 1-1 ដូចគ្នានៅលើទឹកដីក្រុម Southampton ខណៈដែលការប្រកួតទាំង2នេះ លោក Wenger សុទ្ធសឹងរំពឹងទុកថា ក្រុមរបស់លោកនឹងឈ្នះ។ ហេតុផលទាំងនេះបានបង្ហាញថា ពួកគេមិនទាន់បានស្តារមុខមាត់ពីការខកចិត្តដោយសារតែការរងបរាជ័យក្រោមស្នាដៃក្រុម Manchester United នៅលើទឹកដីខ្លួនឯងនៅឡើយ។ លោក Wenger បានផ្លាស់ប្តូរសមាជិកក្នុងជម្រើសទាំង11នាក់ដំបូងរបស់លោកសម្រាប់ការធ្វើដំណើរទៅកាន់ទឹកដីក្រុម West Ham ខណៈដែលទាំង Jack Wilshere និង Olivier Giroud សុទ្ធសឹងបានចូលលេងក្នុងជម្រើសទាំង11ជាលើកទី1របស់គេក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ Wilshere ផ្ទាល់បានប្រកាសថា រូបគេបានពេញចិត្តទៅនឹងទម្រង់លេងរបស់គេ ប៉ុន្តែ បានទទួលស្គាល់ថា គេមិនទាន់បានបើកការពិភាក្សាជាមួយនឹងក្លិប Arsenal ពីការបន្តកុងត្រារបស់គេនៅឡើយ ដែលវានឹងផុតកំណត់នៅចុងរដូវកាលនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10យប់៕
ប្រភពពី៖ Sports.yahoo.com