ផ្ទះជួលរបស់លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain ត្រូវបានចោរចូលទៅគាស់ កាលពីល្ងាចថ្ងៃពុធ ខណៈដែលក្រុមរបស់លោកបានទទួលជ័យជម្នះក្នុងការប្រកួត League Cup នៅលើទឹកដីក្រុម Strasbourg។
ករណីចូលប្លន់ដល់ក្នុងផ្ទះ ដែលបានកើតឡើងនៅជាន់ខាងលើនៃផ្ទះល្វែងមួយក្នុងទីក្រុងប៉ារីសនេះ ត្រូវបានដឹងដោយភរិយារបស់លោក Emery នៅវេលាម៉ោង11យប់។ លោក Emery ផ្ទាល់ បានវិលត្រឡប់ពីការប្រកួតនៅលើទឹកដីក្រុម Strasbourg នៅព្រឹកព្រឹកថ្ងៃព្រហស្បតិ៍។ អាវដែលត្រូវបានចុះហត្ថលេខាដោយខ្សែប្រយុទ្ធ Neymar និងនាឡិកាម៉ាក Rolex មួយគ្រឿង សុទ្ធសឹងស្ថិតក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានចោរលួច ខណៈដែលក្រុមគ្រួសាររបស់លោក Emery បានប្រាប់ប៉ូលិសថា ទ្រព្យសម្បត្តិដែលបាត់បង់មានតម្លៃសរុប2ម៉ឺនអឺរ៉ូ។
ប៉ូលិសបាននិយាយថា៖ «ទ្វារត្រូវបានបិទជិត ប៉ុន្តែ មិនចាក់សោនោះត្រូវបានចោគាស់ចូល ហើយក្រុមចោរទាំងនោះបានលួចកាបូបដែលមានតម្លៃខ្ពស់ជាច្រើននៅក្នុងនោះ មានដូចជា គ្រឿងអលង្ការ អាវកីឡាបាល់ទាត់ និងសម្លៀកបំពាក់ថ្លៃៗជាច្រើន»។ ក្រុម Paris Saint-Germain បានជួបរាត្រីដ៏រីករាយនៅលើទឹកដីក្រុម Strasbourg ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 4-2 ដើម្បីកក់កៅអីក្នុងវគ្គ8ក្រុមចុងក្រោយនៃពាន League Cup របស់បារាំង។ លោក Emery នឹងត្រូវដឹកនាំក្រុម PSG ធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Rennes ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 នៅរាត្រីថ្ងៃសៅរ៍នេះ ខណៈដែលក្រុមរបស់លោកនឹងសម្លឹងរកការដណ្តើមឲ្យបាន3ពិន្ទុ។ បច្ចុប្បន្នក្រុម PSG កំពុងតែនាំមុខលើតារាងដោយមាន44ពិន្ទុពីការប្រកួត17លើកខណៈដែលក្រុម Rennes កំពុងឈរលេខ6 ដោយមាន25ពិន្ទុ។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង11យប់៕
ប្រភពពី៖ Sport24