តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា បានប្រកាសឱ្យដឹងថា នាងកំពុងត្រៀមខ្លួនធ្វើជាថៅកែហាងស្រី ដែលនៅថ្ងៃទី15 ខែធ្នូ ឆ្នាំ2017នេះ ដោយនាងគ្រោងរៀបចំកម្មវិធីបើកសម្ពោធហាងផែសមុទ្រ ក្នុងក្រុងតាខ្មៅ ដែលនឹងមានវត្តមានតារាល្បីៗជាច្រើ់នចូលរួម ហើយកាន់តែពិសេសទៅទៀតនោះគឺមានវត្តមាន ពេជ្រ ថៃ និង នាយចឺម ផងដែរ។
ចាប់តាំងពី ពេជ្រ ថៃ ជាប់ជាជយលាភីក្នុងកម្មវិធី The Voice Kids Cambodia មក តារាវ័យក្មេងនេះបានព្យាយាមចេញកើបប្រាក់ក្នុងកម្មវិធីប្រគំតន្ត្រីជាច្រើនដែលរៀបចំដោយហង្សមាស ជាក់ស្តែងនៅល្ងាចថ្ងៃនេះ ពេជ្រ ថៃ ក៏នឹងត្រូវកើបប្រាក់ក្រៅទ្រនំខ្លួនផងដែរ គឺកម្មវិធីសម្ពោធហាងម៉ាក់ សែនសូនីតា ហៅតូតា។ នេះជាលើកដំបូងហើយ ដែលតារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ជ្រកក្នុងទ្រនំរបងខ្ពស់ផលិតកម្មហង្សមាសនឹងបង្ហាញខ្លួនច្រៀងជាមួយតារាចម្រៀងដ៏ល្បីលំដាប់យុវវ័យក្នុងផលិតកម្មសាន់ដេ គឺនាយចឺម។
គួរបញ្ជាក់ផងដែរថា វត្តមានតារាកំប្លែងដែលបានចាកចេញពីស៊ីធីអិន ហើយផ្តោតលើការច្រៀងជាធំ រួមនឹងពេជ្រ ថៃ នេះនឹងធ្វើឱ្យកម្មវិធីសម្ពោធហាងនោះកក្រើកជាមិនខាន៕