Skip to content

ធនាគារជាតិ​ហាម​មិន​ឱ្យប្រើ ប្រាស់​រូបិយវត្ថុ Crypto Currencies នៅ​កម្ពុជា

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​សប្តាហ៍​មុន បានចេញ​សេចក្តីប្រកាស​មួយ​ដោយ​ហាម​មិនឱ្យ​ចរាចរ​រូបិយវត្ថុ Crypto Currencies នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ឡើយ ដើម្បី​ចៀសវាង​កុំ​ឱ្យមាន​ហានិភ័យ​ទៅដល់​សាធារណជន។

ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដែល​បាន​ជម្រាប​ទៅដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពិនិត្យឃើញថា​បច្ចុប្បន្ន​មានការ​ចរាចរ​ទិញ លក់ ទូទាត់​ផ្សព្វផ្សាយ រូបិយវត្ថុ Crypto (Crypto Currencies)ដូចជា BitCoin និង​ឧបករណ៍​អេឡិចត្រូនិក​ប្រហាក់ប្រហែលគ្នា ដោយ​មិនមាន​ច្បាប់​អនុញ្ញាត និង​មិនមាន​ការទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

ការផ្សព្វផ្សាយ និង​ការធ្វើ​ប្រតិបត្តិការ​ទាំងនេះ​អាច​បង្ក​ហានិភ័យ​ដល់​សាធារណជន និង​ជា​មធ្យោបាយ​សម្រាប់​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ទីផ្សារងងឹត ដោយសារ​អ្នកប្រើប្រាស់ និង​វិនិយោគិន​មួយចំនួន​មិនមាន​ការយល់ដឹង​ពី​រូបិយវត្ថុ Crypto Currencies ដែល​ងាយរ​កនូវ​ការ​ឆបោក។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី4 កាលពី​សប្តាហ៍​កន្លងមក​ថា ថ្មីៗនេះ​ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ព័ត៌មាន​មួយចំនួន​ដែលថា មានការ​ចរាចរ​រូបិយវត្ថុ Crypto Currencies ហើយ​បានផ្តល់​ឈ្មោះប្លែកៗគ្នា ដូចជា BitCoin បន្ទាប់មកទៀត​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​កំពុងតែ​បំផុសបំផុល​ឱ្យ​ប្រជាជន​ទិញ។

លោកជំទាវ​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​គាំទ្រ​រូបិយវត្ថុ Crypto Currencies ដែល​មិនមាន​ការទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​ទេ ហើយ​បើសិនជា​មានការ​បំផុសបំផុល​ឱ្យប្រើ​ប្រាស់​ណាមួយ សូមកុំ​ជឿ​តាម​ការ​បំផុសបំផុល​របស់គេ ព្រោះ​រូបិយវត្ថុ​ប្រភេទ​នេះ​មិនអាច​ប្តូរ​យកប្រាក់​សុទ្ធ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​បានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *