ភ្នំពេញៈ ថ្មីៗនេះ គេហាក់ឃើញតារាសម្តែងសិចស៊ីចូលចិត្តព្រលែងល្វើងលើមិនប្រណីភ្នែកបុរស កញ្ញា ដេននី ក្វាន់ ដែលជាថៅកែស្រីវ័យក្មេង ដោយនាងបានបើកហាងសាឡន និងហាងលក់គ្រឿងសង្ហារឹម មានប្រាក់រាប់សិបម៉ឺនដុល្លារ បង្ហើរសាររវើរវាយក្នុងចិត្តនឹកចង់បានស្វាមី ខណៈមុននេះបន្តិចនាងដូចជារអ៊ូរធុញនឹងគូស្នេហ៍ដែលចូលចិត្តប្រចណ្ឌនោះ។
កញ្ញា ដេននី ក្វាន់ ដែលបានហក់ចូលទៅក្នុងពិភពសិល្បៈសម្តែងដំបូង ដោយការលះបង់ដាក់ទុនភាពសិចស៊ីលេចធ្លោជាងគេទាក់ទាញផលិតករនោះ បានសរសេរសារស្តែងពីចិត្តខ្លួនថា៖ «មួយជីវិតរបស់មនុស្សស្រី ថ្ងៃដែលរំភើប ហើយមាននយ័បំផុតនោះគឺ ថ្ងៃដែលបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ សម្រាប់ខ្ញុំរកកូនកំលោះមិនទាន់ឃើញទេ!»។
មិនតែប៉ុណ្ណោះតារាសម្តែងស្រីដែលហ៊ានថតបង្ហាញភាពសិចស៊ីកប់ស៊េរី មិនខ្លាចការព្រមានពីក្រសួងវប្បធម៌ច្រើនលើកនោះ ក៏ប្រាប់ពីលក្ខខណ្ឌដែលខ្លួនប្រាថ្នាជាគូសម្រាប់ជីវិតនាងទៀតផងថា៖ « មានការស្រលាញ់ ខ្វះភាពស្មោះត្រង់ក៏ពិបាក មានភាពស្មោះត្រង់ ខ្វះការអាណិតក៏ពិបាក មានក្តីអាណិត ខ្វះភាពជឿជាក់ នឹងទំនុកចិត្តក៏ពិបាក មានទំនុកចិត្ត ខ្វះកម្លាំងចិត្តឲ្យគ្នាក៏ពិបាក មានកម្លាំងចិត្ត ខ្វះការឲតម្លៃចំពោះគ្នាក៏ពិបាក សំខាន់មនុស្សដែលស្រលាញ់គ្នាត្រូវមានគ្រប់ចំណុចខាងលើទើបរស់នៅមានសុភមង្គល.!!!»។
អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងទៀត គឺតារាស្រីដ៏ស្រស់ស្អាត ជាម្ចាស់ហាងទាំងនៅក្នុងវ័យ ២៧ ឆ្នាំ រូបនេះ បានទទួលកាដូលើកទឹកចិត្តពីបុរសកំពូលស្នេហ៍ ជាគ្រឿងពេជ្រមានតម្លៃជាង ១០ ម៉ឺន ដុល្លារ នៅថ្ងៃសម្ពោធហាងនាងកន្លងមក ខណៈអត្តសញ្ញាណបុរសនោះគ្រាន់តែត្រូវបានគេបង្ហើបថាជាមន្រ្តីយោធាម្នាក់ប៉ុណ្ណោះ។
ដោយមិនបានលាក់លៀមថាខ្លួនគ្មានអ្នកគ្រងបេះដូង គ្រាន់តែសុំមិនបញ្ចេញឈ្មោះ និងព័ត៌មានលម្អិតពីប្រុសស្នេហ៍ទើបជូនកាដូលើកទឹកចិត្តមានតម្លៃជាង ១០ ម៉ឺន ដុល្លារ តារាស្រីមានស្រុកកំណើតមកពីខេត្តព្រះវិហារ ដែលល្បីថាមានទ្រព្យសម្បត្តិស្តុកដូចជាសេដ្ឋិនីទាំងក្មេង ព្រោះនាងមានរបររកស៊ីក្រៅសិល្បៈនោះបានបង្ហើបឲ្យដឹងដែរថា៖ «អ្នកជូនកាដូដែលមានតម្លៃជាង ១០ ម៉ឺន ដុល្លារ នោះគាត់ពិតជាមន្ត្រីយោធាម្នាក់មែន តែសុំលាក់ឈ្មោះ និងតួនាទីការងារគាត់សិន បើទោះបីខ្ញុំ និងគាត់មានទំនាក់ទំនងយូរឆ្នាំមកហើយក្តី»។ ប៉ុន្តែជុំវិញទុនជាង ៤ ម៉ឺនដុល្លារ និងចំនួនច្រើនជាងនេះលើហាងលក់គ្រឿងសង្ហារិម នោះ កញ្ញា ដេននី ក្វាន់ បានអះអាងថា៖ «ការបើករបរអាជីវកម្មនេះ គឺជាធនធានរបស់នាងខ្ញុំផ្ទាល់ តែម្តង មិនមែនគាត់ទេ»៕