Skip to content

ការផ្តល់ប្រាក់​កម្ចី​មិន​គិតពី​គោលដៅ​អតិថិជន គឺជា​ការជាន់​ពន្លិច

ថ្លែង​នៅក្រៅ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី4 ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាលពី​សប្តាហ៍​កន្លងទៅ លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រាប់ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងឡាយណា​ដែល​ផ្តល់​កម្ចី​ហើយ​មិនបាន​គិតដល់​គោលដៅ​អាជីវកម្ម​របស់​អតិថិជន​នោះ គឺជា​ទង្វើ​នៃ​ការជាន់​ពន្លិច។

ការជាន់​ពន្លិច​នៅត្រង់ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទៅ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ តែ​បន្ទាប់ពី​បាន​ប្រាក់​ហើយ​យកទៅ​ធ្វើស្រែ​ចម្ការ​មិន​ទទួលបាន​ផល ឬ​យកទៅ​ប្រើ​ខុស​គោលដៅ​អាជីវកម្ម ដោយ​មិនអាច​រកប្រាក់​កម្រៃ​សម្រាប់​សង​ទៅ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​វិញ​បាន ករណីខ្លះ​ត្រូវបាន​គេ​រឹបអូស​យក​ផ្ទះសម្បែង ហើយ​ខ្លះទៀត​ត្រូវ​បង្ខំចិត្ត​លក់​ផ្ទះ ឬ​ដីធ្លី និង​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ដែល​ករណីនេះ​គឺជា​ការជាន់​ពន្លិច​ជីវភាព​ប្រជាពលរដ្ឋ​តែម្តង។

លោកជំទាវ​អគ្គនាយិកា​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ជាទូទៅ​តែងតែ​ចង់​ផ្តល់​កម្ចី​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បីឱ្យ​ពួកគាត់​សង​ត្រឡប់មកវិញ​ជាមួយនឹង​អត្រា​ការប្រាក់​ច្រើន និង​បាន​ផលចំណេញ​ច្រើន​ផងដែរ​ទៅ​ស្ថាប័ន​របស់ខ្លួន ប៉ុន្តែ​បើ​មិន​គិតពី​គោលដៅ​នៃ​ការប្រើ​កម្ចី​របស់​អតិថិជន​ទេនោះ វា​នឹង​បង្ក​ហានិភ័យ​ដល់​អតិថិជន​ជាមិនខាន។

លោកជំទាវ​បញ្ជាក់ថា៖“ភ្នាក់ងារឥណទាន​ដែល​ចង់​ឱ្យគេ​ខ្ចី តែបើ​មិន​គិតពី​គោលដៅ​ប្រើប្រាស់​ប្រាក់កម្ចី​របស់​អតិថិជន​នោះ វា​ហាក់ដូច​ជាន់ពន្លិច​បន្ថែ​ម​ទៅវិញ ព្រោះ​ដឹង​ហើយ​ថា ការទទួលបាន​កម្ចី​នឹងត្រូវ​សង​ទៅវិញ ហើយ​បើ​អតិថិជន​គ្មាន​គោលដៅ ឬ​ប្រើប្រាស់​ខុស​គោលដៅ​អាជីវកម្ម​មិនអាច​រកប្រាក់​សង​ធនាគារ​វិញ​បាន វា​នឹង​បង្ក​ឱ្យ​ជួប​ហានិភ័យផ្សេងៗ ដែលជា​ការបង្ក​បញ្ហា​ទៅដល់​សង្គម​នាំឱ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការ​ប្តឹងផ្តល់ ឬ​រឹបអូស​ទ្រព្យ​បញ្ចាំ​ជាដើម។

ជាមួយគ្នានេះ លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​ឥណទាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ថា បើ​ខ្ចី​គ្មាន​គោលដៅ​ច្បាស់លាស់​គួរ​កុំ​ខ្ចី ប៉ុន្តែ​បើ​ខ្ចី​សម្រាប់​បង្កើន​មុខរបរ ឬ​អាជីព​របស់ខ្លួន​ដែល​បាន​ប្រាក់​ត្រឡប់មកវិញ​ទើប​ធ្វើឱ្យ​យើង​មិន​ជួប​បញ្ហា​នៅលើ​ឥណទាន។ ដើម្បី​ជំរុញ​ការគ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​ហានិភ័យ​ទាប​ចំពោះ​អ្នក​ខ្ចី គឺ​ទាមទារ​ឱ្យមាន​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​បន្ថែមទៀត។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយថា មុននឹង​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​ប្រកប​របរ​រកស៊ីផ្សេងៗ គួរ​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​ជាមុន ហើយ​ត្រូវ​រក​អាជីវកម្ម​ណា​ដែលមាន​តម្រូវការ​ទីផ្សារ ចៀសវាង​ការធ្វើ​អាជីវកម្ម​ខាតបង់ និង​រកប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​មិនបាន។

នាពេល​កន្លងមក​ធនា​គារ​ជាតិ​នៃ​កម្ពុជា តែង​បានធ្វើ​យុទ្ធនាការ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ប្រជា-ពលរដ្ឋ​ឱ្យបាន​យល់​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ បើ​គ្មាន​តម្រូវការ​ចាំបាច់​ក្នុង​ការធ្វើ​អាជីវកម្ម ឬ​ប្រកបមុខរបរផ្សេងៗដើម្បី​រកប្រាក់​ចំណេញ​ត្រឡប់មកវិញ​ទេ គួរ​កុំ​ខ្ចី​ខ្លាច​គ្មាន​ប្រាក់​សង​នាំឱ្យ​ជួប​បញ្ហា​សេដ្ឋកិច្ច​ដល់​គ្រួសារ ជាមួយគ្នានេះ​ធនាគារជាតិ​ក៏​ត្រៀម​វិធានការ​ទប់ស្កាត់​ការផ្តល់​កម្ចី​ដល់​អតិថិជន ដែល​គ្មាន​គោលដៅ​អាជីវកម្ម​ច្បាស់លាស់​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *