ក្នុងវេទិកាថ្នាក់តំបន់ស្ដីពី “វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក 2017” ដំណើរឆ្ពោះទៅកាន់ 5G ថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថាបច្ចុប្បន្នក្រសួងកំពុងប្រឹងប្រែងធ្វើកិច្ចការជាមួយប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្ដរជាតិ ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់យុគសម័យឌីជីថល។
ឯកឧត្ដម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា វេទិកាថ្នាក់តំបន់ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ពិសេសប្រទេសជាសមាជិកក្នុងតំបន់ក្នុងការបង្កើនកិច្ចសហប្រតិបត្ដិការរួមគ្នាដើម្បីធ្វើដំណើរឆ្ពោះទៅកាន់យុគសម័យឌីជីថល។ ឯកឧត្ដមបន្ដថា ប្រទេសនីមួយៗកំពុងស្ថិតក្នុងការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរៀងៗខ្លួន ដូច្នេះហើយប្រទេសកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការពន្លឿនខ្លួន ដើម្បីអភិវឌ្ឍវិស័យ ICT និងធ្វើការជាមួយប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្ដរជាតិដើម្បីធ្វើយ៉ាងណាអាចអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានកាន់តែរីកចម្រើន។
វេទិកា “វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក 2017” នេះមានកិច្ចពិភាក្សាដោយមានការដាក់បញ្ចូលប្រធានបទជាច្រើនក្នុងនោះមានដូចជា មាគ៌ាបង្ហាញផ្លូវស្ដីពីទូរគមនាគមន៍ចល័តអន្ដរជាតិ2020 និងនិនា្នការនៃការគ្រប់គ្រងវិសាលភាពវិទ្យុគមនាគមន៍ជាតិ តួនាទីប្រព័ន្ធផ្កាយរណបក្នុងបច្ចេកវិទ្យា 5G ព្រមទាំងបទពិសោធរបស់ប្រទេសក្នុងតំបន់ទៅលើការផ្លាស់ប្ដូរប្រព័ន្ធឌីជីថល និងផលប៉ះពាល់លើប្រព័ន្ធវិសាលភាពវិទ្យុគមនាគមន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងនោះមានការចូលរួមពីវាគ្មិនជាអ្នកជំនាញលើវិស័យនេះជាច្រើនរូប។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា វេទិកាថ្នាក់តំបន់នេះក្រៅពីជំរុញឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ឆ្ពោះទៅរកការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាហើយនោះ ក៏ជាកាលានុវត្ដភាពថ្មីមួយទៀតសម្រាប់ឱ្យប្រទេសជាសមាជិកស្វែងយល់ពីបញ្ហាប្រឈមនានា និងការត្រៀមខ្លួនក្នុងការធ្វើដំណើរឆ្ពោះទៅយុគសម័យ 5G ដើម្បីឱ្យប្រទេសទាំងនោះអាចប្រើប្រាស់បច្ចេកវិទ្យានេះបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។
សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងចំនួន4លើករួចមកហើយ ដោយលើកទី1ត្រូវបានធ្វើឡើងក្នុងឆ្នាំ2013 នៅប្រទេសហ្វីជី លើកទី2នៅប្រទេសវៀតណាម លើកទី3 នៅហ្វីលីពីន លើកទី4 នៅប្រទេសសាម៉ៅ និងលើកទី5 នៅព្រះរាជាណាចក្រកម្ពុជា៕