មួយរយៈក្រោយនេះ គេសង្កេតឃើញកំពូលតារាស្រីហូលីវូដ អ្នកនាង Angelina Jolie និងអតីតស្វាមី Brad Pitt កំពុងតែត្រឡប់មកស្និទ្ធស្នាលផ្អែមល្ហែមគ្នាវិញនៅក្នុងអំឡុងពេលពិធីបុណ្យ Christmas ដែលជាថ្ងៃឈប់សម្រាក ព្រមទាំងមានឱកាសបានផ្សះផ្សាជាមួយកូនៗជាទីស្រឡាញ់ទៀតផង។
តាមរយៈសារព័ត៌មាន Radar បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា មានប្រភពមួយប្រាប់ថា នៅក្នុងអំឡុងថ្ងៃឈប់សម្រាកនេះបានធ្វើឱ្យតារាឯកប្រុស Bradd Pitt កាន់តែបង្កើតមនោសញ្ចេតនាជាមួយក្រុមគ្រួសារ ជាពិសេស គឺកូនៗរបស់លោកតែម្ដង។ លោកតែងតែនឹកគិតពិចារណាអំពីកំហុសឆ្គងរបស់ខ្លួនដែលបានធ្វើជ្រុលជ្រួសទៅលើក្រុមគ្រួសារ ហើយលោកតែងតែលើកតម្កើងកូនៗរបស់លោកដូចជា ព្រះអង្គម្ចាស់ និងព្រះនាងតូចជានិច្ច ចំណែកឯ Angelina Jolie វិញក៏មិនដែលមានបញ្ហាអ្វីចំពោះអតីតស្វាមីលោក Brad Pitt ឬរារាំងលោក ខណៈដែលលោកចង់ជួបកូនៗនោះដែរ»។
ប្រភពដែលស្និទ្ធនឹងក្រុមគ្រួសាររបស់ Angelina Jolie បានបង្ហើបឱ្យដឹងទៀតថា «ខ្សែភាពយន្តខ្នាតធំមួយដែលទទួលបានពានរង្វាន់ អូស្ការ សម្រាប់ភាពយន្ដហូលីវូដដែលប្រើប្រាស់ភាសាបរទេសបានល្អ របស់អ្នកនាង Angelina Jolie គឺរឿង First They Killed My Father ក៏មានការជួយជ្រោមជ្រែងពីអតីតស្វាមី និងក្រុមហ៊ុន Plan B
គួរបញ្ជាក់ផងដែរថា កន្លងមក Brad Pitt និងកូនៗចាប់ផ្តើមមានភាពស្និទ្ធស្នាលឡើងវិញក្រោយពី Angelina ព្រមបើកភ្លើងខៀវឲ្យលោកមកជួបមុខកូនៗ ដែលធ្វើឲ្យមជ្ឈដ្ឋាននានាយល់ថា អតីតគូស្វាមីភរិយានេះ អាចនឹងត្រឡប់មកជានាគ្នាវិញ ហើយក៏មានការបកស្រាយជាច្រើនដែលយល់ឃើញផ្ទុយគ្នាដែរថា Pitt ចង់ត្រឡប់មកជួបជុំគ្រួសារវិញ តែអាស្រ័យលើការសម្រេចចិត្តរបស់ Angelina ឯខ្លះទៀតថា លោកមិនចង់ផ្សះផ្សាទេ បន្ទាប់ពីរងការឈឺចាប់ខ្លាំងកន្លងមក ទោះបីអតីតភរិយាបានសោកស្តាយកំហុសដែលប្តឹងសុំលែងលះនោះក៏ដោយ៕