Skip to content

ការសិក្សា 2ជំនាញ មិន​ដូច​ការសិក្សា 2មហាវិទ្យាល័យ​នោះទេ

មនុស្ស​ពូកែរៀន និង​មនុស្ស​រៀន​ពូកែ​មិន​ដូចគ្នា​នោះទេ ដោយ​មនុស្ស​មួយចំនួន​ខំ​សិក្សា​ខ្លាំង​ជ្រុល​រហូត​ធ្វើឱ្យ​ខ្លួនឯង​មិនអាច​រីកចម្រើន​បាន តែម​នុស្ស​មួយចំនួនទៀត​បាន​រក​ឃើញ​នូវ​វិធីសាស្ត្រ​សម្រួច​គោលដៅ​របស់ខ្លួន​បាន​យ៉ាង​ល្អ​ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព និង​ភាពជោគជ័យ​ក្នុង​ជីវិត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មានការ​លើកឡើងថា កុំ​សិក្សា 2មហាវិទ្យាល័យ​ក្នុងពេល​តែមួយ ព្រោះថា​ការសិក្សា​បែបនេះ​អាចធ្វើឱ្យ​ពួកគេ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ស្វែងរក​បទពិសោធ តែ​គួរ​សិក្សា2ជំនាញ​ទៅវិញ​ដើម្បី​ក្លាយជា​អ្នក​ដែលមាន​គំនិត​អភិវឌ្ឍន៍​ឆ្ពោះទៅរក​ជោគជ័យ​ក្នុង​ជីវិត​ការងារ។

មនុស្ស​ជាច្រើន​ប្រហែលជា​គិតថា សិក្សា2មហាវិទ្យាល័យ និង​ការសិក្សា2ជំនាញ​ដូចគ្នា តែបើ​គិត​ឱ្យបាន​ស៊ីជម្រៅ​បន្តិច​យើង​នឹង​ឃើញថា វា​ស្ទើរតែ​ដូច តែ​មិន​ដូច​នោះទេ។ ការសិក្សា 2មហាវិទ្យាល័យ​ចាំបាច់​ត្រូវតែ​ជ្រើសរើស 2ជំនាញ​តែ​ការសិក្សា 2ជំនាញ​មិន​ប្រាកដថា​សិក្សា 2មហាវិទ្យាល័យ​នោះទេ។

ជាការ​ពិតណាស់​ការធ្វើ​ការងារ​មួយ​ជោគជ័យ វា​ទាមទារ​ឱ្យមាន​ចំណេះដឹង​ជា​មូលដ្ឋាន​ច្រើន មិនមែន​សិក្សា​តែមួយ​ជំនាញ​គោល​គ្រប់គ្រាន់​នោះទេ។ បើសិន​អ្នក​ចង់​ក្លាយជា​អ្នកការទូត​ពូកែ អ្នក​ត្រូវតែ​ចេះ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ផង ភាសាបរទេស​ផង តែបើ​ចង់​ក្លាយជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម ក៏ត្រូវ​ការជំនាញ​ពាណិជ្ជកម្ម​ជា​គោល​និង​ច្បាប់​ជាច្រើន​ផ្សេងទៀត​ដែរ ហើយ​ដើម្បី​សម្រេច​គោលដៅ​បានល្អ​លុះត្រាតែ​យើង​បំពេញបាន​នូវ​ចំណេះដឹងសំខាន់ៗទាំងអស់នោះ ដែល​លើស​ពីមួយ។

ត្រង់ចំណុច​នេះហើយ​ដែល​និស្សិត​ជាច្រើន​នៅ​កម្ពុជា មានការ​យល់ច្រឡំ ហើយ​សិក្សា​លើ​មហាវិទ្យាល័យ 2 ក្នុងពេល​តែមួយ​ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​ទៅវិញ ប្រសិនបើ​ពួកគេ​មិនអាច​គ្រប់គ្រង​បានល្អ។ ទោះជា​យ៉ាងនេះ​ក្តី មាន​និស្សិត​មិនតិច​ទេ​ដែល​ជោគជ័យ​ក្នុង​ជីវិត​បន្ទាប់ពី​បញ្ចប់​ការសិក្សា 2មហាវិទ្យាល័យ​ក្នុងពេល​តែមួយ តែ​ជាទូទៅ​អ្នកជំនាញសំខាន់ៗ ដោយ​រួមទាំង​អ្នក​ធ្លាប់​សិក្សា 2មហាវិទ្យាល័យ​ផង​នោះ បាន​ណែនាំ​មនុស្ស​ជាច្រើន​ផ្សេងទៀត​ឱ្យ​សិក្សា​តែ1មហាវិទ្យាល័យ​បាន​ហើយ ដើម្បី​មាន​ពេលវេលា​ច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​លើ​ផ្នែក​ដែល​ខ្វះខាត។

ការសិក្សា​តែ 1មហាវិទ្យាល័យ អាចធ្វើឱ្យ​និស្សិត​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ហាត់​ការ​នៅក្នុង​ស្ថាប័ន​ដែល​គេច​ង់​ធ្វើ និង​ស្វែងរក​បទពិសោធ មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​មេរៀន​ដែល​គេ​សិក្សា​បានល្អ និង​អាចមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ចំណេះដឹង​ជាច្រើន​ផ្សេងទៀត​ដែលជា​តម្រូវការ​របស់​ជំនាញ។

តែ​ទោះបីជា​យ៉ាងណា​ការសិក្សា​តែមួយ​មហាវិទ្យាល័យ ក៏​មិន​ប្រាកដថា​ល្អ​ទាំងស្រុង​នោះដែរ​ប្រសិនបើ​ពួកគេ​គ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ ព្រោះ​ជាទូទៅ​ការគ្រប់គ្រង​ខ្លួនឯង មិនមែន​ងាយស្រួល​នោះទេ​សម្រាប់​យុវវ័យ​ដែល​កំពុងតែ​ចង់​ស្វែង​រករឿងថ្មីៗសម្រាប់​ជីវិត។ មាន​និស្សិត​ជាច្រើន​បាន​យក​លេស​ថា ទុកពេល​ឱ្យ​ច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ដោយ​ផ្តោតលើ​ការសិក្សា​មុខវិជ្ជា​មួយ​ឱ្យបាន​ច្បាស់លាស់ តែ​អ្វីដែល​គាត់​ធ្វើ​ពិតប្រាកដ​គឺ​គាត់​យក​ពេលវេលា​ដែល​សល់​ពី​ការសិក្សា​ដើម្បី​ធ្វើ​រឿង​ជាច្រើន​ដែល​មិនមាន​ប្រយោជន៍ ហើយ​បណ្តោយឱ្យ​ការសិក្សា​ត្រូវបាន​បញ្ចប់​ទៅដោយ​មិនមាន​ទាំង​បទពិសោធ និង​គ្មាន​គុណភាព។

ជាទូទៅ​ជា​ជម្រើស​ល្អ​សម្រាប់​ការសិក្សា​តែមួយ​មហាវិទ្យាល័យ​ឱ្យបាន​ល្អ និស្សិត​គួរ​កុំ​ទុក​ពេលវេលា​ដែល​នៅសល់​ច្រើន​ដើម្បី​ធ្វើ​រឿង​គ្មាន​ប្រយោជន៍ ព្រោះ​ពួកគេ​មាន​ជម្រើស​ច្រើនណាស់​សម្រាប់ធ្វើ​ការងារ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឆ្ពោះទៅរក​ភាពជោគជ័យ​លើ​អាជីព​នា​ថ្ងៃ​អនាគត។

និស្សិត​អាច​សិក្សា​ជំនាញ​បន្ថែម តែ​មិនមែន​មានន័យថា​ត្រូវតែ​សិក្សា​មហាវិទ្យាល័យ​មួយ​ផ្សេងទៀត​នោះទេ។ ដូចដែល​ឧទាហរណ៍​ខាងដើម ដើម្បី​ជោគជ័យ​ក្នុងការ​សិក្សា និង​អាជីព គឺ​ត្រូវមាន​ជំនាញ​បន្ថែម​ជាច្រើន​ក្រៅពី​ជំនាញ​គោល​នៅ​មហាវិទ្យាល័យ ហេតុនេះ​ការសិក្សា​ជំនាញ​ភាសា ជំនាញ​ទំនាក់ទំនង និង​ជំនាញ​គួបផ្សំ​ជាច្រើន​ទៀត គឺ​សុទ្ធតែជា​ជម្រើស​ល្អ​បំផុត​សម្រាប់​នាំ​អ្នក​ទាំងអស់គ្នា​ឱ្យ​សម្រេច​គោលដៅ។ ម្យ៉ាងវិញទៀត ការសិក្សា​ជំនាញផ្សេងៗពី​គ្រឹះស្ថានសិក្សា​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​អាចធ្វើឱ្យ​និស្សិត​ទទួលបាន​នូវ​ចំណេះដឹង​ជាច្រើន​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកគ្រប់គ្រង នៅពេល​គាត់​ដាក់ពាក្យ​ធ្វើការ​ងារ៕

Leave a Reply

Your email address will not be published. Required fields are marked *