ខ្សែបម្រើដ៏មានឥទ្ធិពល David Silva បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុម Manchester City ដែលកំពុងនាំមុខដាច់លើតារាងក្របខ័ណ្ឌ Premier League បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 4-០ នៅលើទឹកដីក្រុម Swansea City កាលពីថ្ងៃពុធ ដើម្បីបង្កើតកំណត់ត្រាថ្មីនៃការឈ្នះជាប់ៗគ្នាក្នងក្របខ័ណ្ឌកំពូលអង់គ្លេស តាមរយៈការដណ្តើមបានជ័យជម្នះជាលើកទី15ជាប់ៗគ្នា។
ក្រុមរបស់លោក Pep Guardiola ទើបតែបានទទួលជ័យជម្នះ 2-1 លើក្រុមឈរលេខ2 Manchester United កាលពីថ្ងៃអាទិត្យ ដោយយកឈ្នះបានយ៉ាងស្រួលនៅកីឡដ្ឋាន Liberty ដើម្បីបំបែកកំណត់ត្រានៃការឈ្នះជាប់ៗគ្នាចំនួន14លើកដែលត្រូវបានបង្កើតឡើងដោយក្រុម Arsenal កាលពីឆ្នាំ2002។ លោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បានឲ្យដឹងថា៖ «ការដណ្តើមបានជ័យជម្នះ15លើកជាប់ៗគ្នា ផ្តល់ឲ្យយើងនូវការជឿជាក់ជាច្រើន។ ប្រសិនបើមានមនុស្សជាច្រើនរីករាយក្នុងការមើលការប្រកួតរបស់យើង ជ័យជម្នះនោះគឺជាកាដូដ៏ល្អបំផុត»។
Man City នៅតែរក្សាការនាំមុខ11ពិន្ទុលើក្រុម Man United ហើយបច្ចុប្បន្នបានស៊ុតបាល់បញ្ចូលទី52គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌលីក17លើករបស់ពួកគេ ដើម្បីពង្រឹងការធ្វើដំណើររបស់ពួកគេឆ្ពោះទៅកាន់ការឈ្នះពាន។ ស្របពេលជាមួយគ្នានេះ ក្រុម Man United បានស្តារមុខមាត់ពីការចាញ់ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ តាមរយៈការផ្តួលក្រុម Bournemouth ក្នុងលទ្ធផល 1-០ ខណៈដែលការភ្លាត់ស្នៀតរបស់ក្រុម Liverpool និង Arsenal បានធ្វើឲ្យក្រុម Tottenham Hotspur ឡើងទៅឈរលេខ4 តាមរយៈការផ្តួលក្រុម Brighton & Hove Albion ក្នុងលទ្ធផល 2-។ ខ្សែប្រយុទ្ធ Romelu Lukaku បានរកគ្រាប់បាល់កាត់សេចក្តី ខណៈដែល Man United បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញតាមរយៈការផ្តួលក្រុម Bournemouth៕
ប្រភពពី៖ Sport24