Skip to content

កំណើនសេដ្ឋកិច្ច​ថេរ តើ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ?

ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ជា​មធ្យម 7.6% ចាប់ពី​ឆ្នាំ 1994 ដល់​ឆ្នាំ2015 ហើយ​បាន​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ2015 និង​កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​មក​នៅត្រឹម 6.9%នៅ​ឆ្នាំ2017 នេះ។ កំណើន​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការនាំចេញ​ទំនិញ និង​សេវាកម្ម (ភាគច្រើន​សម្លៀកបំពាក់ និង​ទេសចរណ៍) ដែល​កើន​ឡើងជា​មធ្យម19.6%ក្នុង​មួយឆ្នាំ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក។

របាយការណ៍​បង្ហាញថា វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល 2 ទសវត្សរ៍​កន្លងមក​នេះ ដោយបាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ 3.6លាន​កន្លែង ដែលជា​ផ្នែក​មួយ​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា។ កំណើនសេដ្ឋកិច្ច​បាន​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ធ្លាក់ចុះ​ពី 47.8% ក្នុង​ឆ្នាំ2007 មក​នៅត្រឹម 13.5% ក្នុង​ឆ្នាំ2014។

ក្នុងឋាន:ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហាថ្មីៗមួយចំនួន​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់ខ្លួន​ផងដែរ ក្នុងនោះ​ដំណើរ​ឆ្ពោះទៅមុខ​របស់​កម្ពុជា ត្រូវគេ​មើលឃើញថា ទំនងជា​មិនអាច​ពឹងផ្អែក​ទៅលើ​កត្តាដដែលៗក្នុងការ​ជំរុញឱ្យមាន​ការរីកចម្រើន​ខ្លាំងក្លា និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមក​នោះទេ។

កំណើនសេដ្ឋកិច្ច​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹងធ្វើ​ឱ្យ​ថយចុះ​ជាបណ្ដើរៗនូវ​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្តល់​ហិរញ្ញប្បទាន​ពី​សំណាក់​ម្ចាស់ជំនួយ​នានា។ ទំនិញ​កសិផល​មានតម្លៃ​ទាប រួម​ជាមួយនឹង​ការដំឡើង​ប្រាក់ខែ នឹង​តម្រូវឱ្យមាន​ការបង្កើន​ផលិតភាព​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង។

ឧបសគ្គ​ក្នុង​បរិយាកាស​ធុរកិច្ច (ធ្វើ​អាជីវកម្ម) បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ចំពោះ​ភាព​រឹង និង​កំណើន​សេដ្ឋកិច្ចជាតិ។ លទ្ធផល​នៃ​ការរៀនសូត្រ​មិនល្អ និង​កង្វះ​អាហារូបត្ថម្ភ នៅតែ​បន្ត​គម្រាមកំហែង​ដល់​អនាគត​នៃ​ប្រជាជន​ខ្មែរ។ អត្រា​បញ្ចប់​ការសិក្សា​នៅ​អនុវិទ្យាល័យ (43% ក្នុង​ឆ្នាំ 2013) នៅមានកម្រិត​ទាប​ជាខ្លាំង​បើ​ធៀប​ទៅនឹង​មធ្យមភាគ​សម្រាប់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប(71%) ចំណែក39% នៃ​សិស្ស​ថ្នាក់​ទី 6មាន​សមត្ថភាព​ទាប​ជាង​កម្រិត​មូលដ្ឋាន​ក្នុង​ការអាន​ភាសា​ខ្មែរ និង​មួយ​ភាគបី​នៃ​កុមារ​អាយុ​ក្រោម5ឆ្នាំ​ជា​កុមារ​ក្រិន។ ហានិភ័យ​ដែល​បង្កឡើង​ដោយ​ការ​រេច​រិល​ធនធានធម្មជាតិ អាច​ប៉ះពាល់​ដល់​និរន្តរភាព​សេដ្ឋកិច្ច។

ការប៉ាន់ប្រមាណ​ជា​ផ្លូវការ​បង្ហាញថា គម្រប​ព្រៃឈើ​បាន​ធ្លាក់ចុះ​ពី​ជិត60% ក្នុង​ឆ្នាំ2006 មក​នៅត្រឹម​ចំនួន​តិចជាង 47% ក្នុង​ឆ្នាំ2014។ អ្នកជំនាញ​បានធ្វើការ​វិនិច្ឆ័យ​ស្ថានភាព​ប្រទេស​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​បានកំណត់ “គន្លង” ឬ​វិធីសាស្ត្រ​សម្រាប់​ការរក្សាបាន​នូវ​កំណើន​រឹងមាំ និង​មាន​និរន្តរភាព​ជាមួយនឹង​ការកាត់បន្ថយ​ភាពក្រីក្រ ការបង្កើន​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​ផ្នែក​សេដ្ឋកិច្ច​ដើម្បី​ធានាបាន​នូវ​កំណើន​ខ្ពស់ និង​បង្កើត​ការងារ។ ការកាត់បន្ថយ​ចំណាយ​នៃ​ការបង្កើត​និង​ដំណើរការ​អាជីវកម្ម និង​ការជំរុញ​វិនិយោគសាធារណៈ និង​ឯកជន គឺជា​គន្លឹះ​នៃ​ការបន្ត​ការប្រកួតប្រជែង​ដែល​បំពេញបន្ថែម​ដោយ​ការពង្រឹង​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល។

ការវិនិយោគ​លើ​ជំនាញ ដើម្បី​សម្រួល​ដល់​វិបុលភាព​ជារួម​អាចធ្វើ​បាន​តាមរយ:ការលើកកម្ពស់​ការទទួល​ស្គាល់​យន្តការ​ធានា​គុណភាព​នៅ​កម្រិត​មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា​ក៏ដូចជា​ការបណ្តុះបណ្តាល​បច្ចេកទេស / វិជ្ជាជីវៈ៕

Leave a Reply

Your email address will not be published. Required fields are marked *