ការធ្វើធុរកិច្ច ឬធ្វើជំនួញ ក្រៅតែពីត្រូវគិតឱ្យបានច្រើន និងចេះក្នុងការគិតគូរហើយនោះ នៅត្រូវគិតឱ្យបានគ្រប់ផ្នែកទៀតផង មិនដូច្នោះទេ ក្ដីអន្តរាយអាចនឹងមកសួរសុខទុក្ខ ឬចូលមកលេងយើងក៏អាចថាបានដែរ។ នៅក្នុងអត្ថបទនេះ ឡារ៉ែននឹងនាំមិត្តអ្នកអាន ឬអ្នកដែលចង់ក្លាយខ្លួនជាអ្នកជំនួញ ឬជាសហគ្រិនទៅជួបនឹងអន្ទាក់ 5 យ៉ាងដែលអាចនឹងក្លាយជារណ្ដៅកប់មុខជំនួញរបស់លោកអ្នកបាន ដូចខាងក្រោមនេះ។
អន្ទាក់ទី1 . គ្មានគូប្រជែង នៅលើទីផ្សារ
សម្លឹងមើលយ៉ាងម៉េចក៏ឃើញថាជាឱកាសល្អដែរ…នៅពេលគ្មានគូប្រជែង ច្បាស់ជាស៊ីរាបលើទីផ្សារទាំងមូលតែម្ដង…តែឈប់សិន! កុំអាលប្រញាប់ពេក! សាកល្បងពិនិត្យមើលបន្តិចសិនយ៉ាងម៉េចដែរ?។
ដែលគ្មានគូប្រជែងនេះ គឺដោយសារអ្វី? អត់មានទីផ្សារ? អត់មានអតិថិជន? អត់មានអ្នកទិញ? ឬបើសិនមានក៏តិចតួច ឬចំពោះតែមនុស្សមួយក្រុមតូច? ឬការរីកធំធាត់ខាងទីផ្សារទាបពេក? ឬត្រូវចាយថ្លៃផ្សាយពាណិជ្ជកម្មលើទីផ្សារ និងការធ្វើឱ្យគេស្គាល់ប្រ៊េនដ៍ខ្ពស់ជាងប្រក្រតី?។ សាកល្បងពិចារណាមើលថា បើសិនវាបែបហ្នឹង តើនឹងរីកចម្រើនទៅមុខដែរឬទេ?។
អន្ទាក់ទី2 . មិនចេះគណនាដើមទុន
លក់បាន មិនមែនមានន័យថា ត្រូវតែមានកម្រៃជានិច្ចនោះទេ។ ចំណុចនេះសម្រាប់សហគ្រិនថ្មោងថ្មីជាច្រើនៗតែដួលបាក់កស្លាប់បែបមិនដឹងខ្លួន ព្រោះមិនចេះគណនាដើមទុន ដូចជា ភ្លេចគិតថ្លៃពលកម្មឱ្យខ្លួនឯង ភ្លេចគណនាថា ក្នុងអំឡុងពេលដំបូងៗដែលមានចំនួនលក់បានតិច ប្រាក់ដើមទុនបង្វិលខាងជំនួញដែលខ្លួនកំពុងមានអាចប្រើការក្នុងការធ្វើជំនួញបានប៉ុន្មានខែ? ឬភ្លេចបូកថ្លៃដឹកជញ្ជូនចូលទៅក្នុងតម្លៃទំនិញ ជាដើម។
ទាំងអស់នេះ គឺក្ដីអន្តរាយដែលសហគ្រិនថ្មោងថ្មីជាច្រើនៗមើលរំលង។
អន្ទាក់ទី3 . ប្រើតិចណូឡូជី…យ៉ាងណាក៏មុខជំនួញជោគជ័យដែរ
ក្នុងយុគសម័យនេះ ធុរកិច្ចត្រូវដើរទៅមុខដោយតិចណូឡូជីទំនើប តិចណូឡូជីថ្មីៗស្អីចេញមកត្រូវតែមិនខកខាន។ ការគិតបែបនេះអាចនឹងមិនមែនជារឿងល្អក៏បានដែរ។ ទោះជាការប្រើប្រាស់តិចណូឡូជីគឺជារឿងមួយដែលល្អ ព្រោះវាអាចជួយសម្រួលភាពងាយស្រួលដល់មុខជំនួញបានក៏ដោយ តែត្រូវមើលពីភាពស័ក្តិសមផងដែរ។ មុខជំនួញរបស់លោកអ្នកត្រៀមរួចជាស្រេច និងស័ក្តិសមជាមួយនឹងតិចណូឡូជីថ្មីៗនេះដែរទេ? ឬដែលសំខាន់នោះគឺ តើអតិថិជនរបស់អ្នក គេត្រូវការតិចណូឡូជីបែបហ្នឹងដែរឬទេ?។ បើចម្លើយគឺទេ តឱ្យតិចណូឡូជីល្អប៉ុនណា ក៏មុខជំនួញរបស់អ្នកទៅមិនដល់គោលដៅយ៉ាងពិតប្រាកដ។
អន្ទាក់ទី4 . របស់ហ្វ្រ៊ី ជួយឱ្យអតិថិជនឆាប់ចំណាំប្រ៊េនដ៍បាន
កុំគិតថា របស់ហ្វ្រ៊ីនឹងសាងនូវការទទួលដឹង និងស្គាល់ទៅដល់អតិថិជនបានឱ្យសោះ ជាពិសេសមុខជំនួញថ្មីៗ ព្រោះអតិថិជនភាគច្រើនដែលបានទទួលរបស់ហ្វ្រ៊ីមកនោះ អាចនឹងមើលរំលង មើលមិនឃើញគុណតម្លៃ ព្រោះពួកគេមិនបានធ្លាប់ស្គាល់ពីមុនមក ដូច្នេះភាពស្មោះស្ម័គ្រចំពោះប្រ៊េនដ៍ក៏ទាបទៅតាមនោះដែរ។ ក្លាយជាថា សហគ្រិនត្រូវរែកពន់ដើមទុនខាងទីផ្សារដែលខ្ពស់ឡើងដោយបរិយាយ។
អន្ទាក់ទី5 . ចាប់ផ្ដើមជំនួញនៅពេលណាដែលទំនិញត្រៀមរួចរាល់ក្នុងការចេញទៅទីផ្សារ
ក្រែងវាជារឿងដែលត្រឹមត្រូវហើយតើ ការមានទំនិញត្រៀមរួចរាល់ក្នុងការចេញឆ្ពោះទៅទីផ្សារជាមុនហើយសឹមចាប់ផ្ដើមធុរកិច្ចនោះ?។
អ្នកណាគិតបែបហ្នឹង អាចត្រូវត្រឡប់មកសម្លឹងមើលជាថ្មី ព្រោះការពិតទៅយើងគួរចាប់ផ្ដើមពីផែនការធុរកិច្ចជាមុន សម្លឹងមើលថា អ្នកណាជាអតិថិជន? មានទំនិញសាកល្បងឱ្យក្រុមអតិថិជនបានសាកល្បង ជាការចាប់ផ្ដើមសាងការដឹង និងស្គាល់ប្រ៊េនដ៍ដំណាលគ្នាផងដែរហើយឬនៅ?។ បើអតិថិជនមិនចូលចិត្ត ក៏យើងនៅកែសម្រួលទាន់ ផ្លាស់ប្ដូរតម្លៃបាន តែបើទំនិញត្រៀមរួចរាល់ក្នុងការចេញទៅក្នុងទីផ្សារហើយ តែតម្លៃមិនទាក់ទាញចិត្តឱ្យចង់ទិញ ថែមទាំងរកក្រុមអតិថិជនមិនបានទៀតផងនោះ ហ្នឹងហើយគឺការដួលបះជើងពិតៗនោះ!៕
រៀបរៀងដោយ តាវ៉ែនតា