ក្រុមតោខៀវ Chelsea បានឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅកាន់ការអះអាងរបស់លោកគ្រូបង្វឹក Antonio Conte ថា ក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League បានបញ្ចប់ទាំងស្រុងហើយ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-1 នៅលើទឹកដីក្រុម Huddersfield Town កាលពីថ្ងៃអង្គារ។
ខ្សែបម្រើ Tiemoue Bakayoko បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី1 តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីឆ្លើយតបទៅនឹងអ្នកគាំទ្រដែលបានរិះគន់រូបគេ សម្រាប់ការបង្ហាញពីទម្រង់លេងមិនល្អជាបន្តបន្ទាប់ ក្រោយពីផ្ទេរមកពីក្លិប Monaco កាលពីខែកក្កដា។ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Willian បានតែតបាល់ដើម្បីទទួលបានគ្រាប់បាល់ទី2 នៅមុនពេលបញ្ចប់តង់ទី1 ហើយ Pedro បានរកគ្រាប់បាល់ទី3 ដើម្បីជួយឲ្យក្រុម Chelsea តាមស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ2 Manchester United ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth នៅរាត្រីនេះ។ លោក Conteបានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «នេះជាជ័យជម្នះដ៏ល្អមួយ។ ចាប់តាំងពីនាទីដំបូង យើងលេងបានយ៉ាងល្អ»។ ស្របពេលជាមួយគ្នានេះ ក្រុម Burnley ដេញតាមពីក្រោយក្រុម Chelsea តែ1ចំណាត់ថ្នាក់គត់ ក្រោយពីបានផ្តួលក្រុម Stoke City ក្នុងលទ្ធផល 1-០ ស្របពេលដែលក្រុម Crystal Palace បានឡើងផុតពីតំបន់កាត់ចោល តាមរយៈការរកគ្រាប់បាល់បញ្ចូលទីបាន2គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីកត់ត្រាជ័យជម្នះ 2-1 លើក្រុម Watford។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមរបស់លោក Sean Dyche រកបានដល់ទៅ31ពិន្ទុពីការប្រកួត17លើក ដើម្បីឡើងទៅឈរពីលើក្រុម Tottenham Hotspur, Arsenal និង Liverpool ដែលនឹងត្រូវលេងនៅរាត្រីថ្ងៃពុធនេះ៕
ប្រភពពី៖ BBC