លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain ជឿជាក់ថា ក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យបានល្អប្រសើរជាងក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ក្រោយពីក្រុមទាំងពីរត្រូវបានចាប់ឆ្នោតឲ្យជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃចន្ទ។
ក្រុមទាំងពីរនឹងត្រូវជួបប្រកួតគ្នាក្នុងវគ្គ16ក្រុមចុងក្រោយ ដែលមិនមែនជាជំនួបដែលក្រុម PSG ចង់បានឡើយ ក្រោយពីបានឈ្នះលេខ1ក្នុងពូល ដោយឈរពីលើក្រុម Bayern Munich។ ក្រុម Real ដែលជាម្ចាស់ការពារតំណែងជើងឯក2សម័យកាល និងជាម្ចាស់ជើងឯក12សម័យកាលបើសរុបទាំងអស់ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីក្រុម Tottenham Hotspur ក្នុងពូលរបស់ពួកគេ ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម PSG នាថ្ងៃទី14 ខែកុម្ភៈ ក្នុងការប្រកួតជើងទី1។
លោក Emery បានឲ្យដឹងថា៖ «ខ្ញុំគិតថា វាមិនមែនជាការចាប់ឆ្នោតដ៏អាក្រក់មួយឡើយ។ ខ្ញុំគិតថា យើងកំពុងតែស្ថិតក្នុងកម្រិតលេងដែលយើងអាចលេងជាមួយនឹងក្រុម Real Madrid បាន។ វានឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់យើង»។ ដោយឡែក ក្រុម Chelsea ត្រូវតែស្វែងរកវិធីសាស្ត្រក្នុងការទម្លាក់ក្រុមម្ចាស់ជើងឯក5សម័យកាល Barcelona ក្នុងវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ឱ្យបាន ស្របពេលដែលក្រុម Tottenham ក៏នឹងត្រូវជួបការប្រកួតដ៏តានតឹងមួយផងដែរ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមរងជើងឯកកាលពីលើកមុន Juventus។
ប៉ុន្តែ ក្រុម Manchester City នឹងត្រូវជួបការប្រកួតដ៏ងាយស្រួលមួយ នៅពេលដែលពួកគេត្រូវបានចាប់ឆ្នោតឲ្យជួបជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ស្វ៊ីស Basel ខណៈដែល Liverpool ទៅជួប Porto។ ក្រុម Manchester United ក៏នឹងជួបការប្រកួតដ៏ងាយស្រួលផងដែរ ដោយពួកគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Sevilla ដើម្បីប្រជែងកៅអីទៅវគ្គ8ក្រុមចុងក្រោយ៕
លទ្ធផលទាំងស្រុងនៃការចាប់ឆ្នោត
Juventus vs Tottenham Hotspur
Basel vs Manchester City
Porto vs Liverpool
Sevilla vs Manchester United
Real Madrid vs Paris St Germain
Advertisement
Shakhtar Donetsk vs AS Roma
Chelsea vs Barcelona
Bayern Munich vs Besiktas
ប្រភពពី៖ The Guardian