កន្លងមកមានការជជែកគ្នាយ៉ាងផុលផុសក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ទាំងនៅកម្ពុជា និងថៃ ជុំវិញភាពជាម្ចាស់កម្មសិទ្ធិនៃល្ខោនពាក់ស្រោមមុខដែលខ្មែរហៅថា “ល្ខោនខោល” និងថៃហៅ “ខូន” ក្រោយពេលដែលថៃ គ្រោងដាក់ល្ខោនខូនរបស់ខ្លួនដែលមានទម្រង់ស្រដៀងគ្នានឹងល្ខោនខោលរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គកាយូណេស្កូ។ នៅក្នុងនោះដែរកម្ពុជាក៏បានធ្វើការស្នើសុំឱ្យមានការដាក់បញ្ជូលរបាំល្ខោនខោលរបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងមនុស្សជាតិដូចគ្នា។
ថ្មីៗនេះ ស្រាប់តែតារាចម្រៀងខ្មែរប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន បានគ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយអំពីល្ខោនខោលខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់ និងដឹងច្បាស់ពីកេរដំណែលដ៏មហស្ចារ្យដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅ។
តាមរយៈសមាជិកក្រុមយុវជនល្ខោនខោលកម្ពុជា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mo KhonChansithyka បានបញ្ជាក់ឱ្យដឹងដែរថា «ក្រុមយុវជនល្ខោនខោលកម្ពុជា មានកិត្តិយសប្រកាសជាផ្លូវការថា កញ្ញា សុខ សីឡាលីន តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស គឺជាទូតសុឆន្ទៈរបស់ពួកយើង។ ដោយហេតុគាត់បានចូលរួមជួយផ្សព្វផ្សាយព័ត៌មានអំពីពួកយើងតាំងពីកម្មវិធីដំបូងនៃការកកើតក្រុមយុវជនល្ខោនខោលកម្ពុជា និងបន្តមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានឧបត្ថម្ភរាល់កម្មវិធីសម្តែងរបស់ពួកយើងផងដែរ!។ នេះជាការយល់ព្រមដោយបេះដូងស្រឡាញ់សិល្បៈវប្បធម៌ និងរួមចំណែកក្នុងការផ្សព្វផ្សាយល្ខោនខោល ជាមួយយុវជនល្ខោនខោលកម្ពុជា!។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា។ វត្តមាននេះគឺពិតជាមានតម្លៃណាស់»។
គួររំឭកផងដែរថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ក៏ធ្លាប់បានថ្លែងដែរថា រវាងការស្នើសុំដាក់បញ្ចូលល្ខោនខោលខ្មែរ និងល្ខោនខូនរបស់ថៃ ពុំបានប៉ះពាល់ដល់ភាពជាម្ចាស់កម្មសិទ្ធិនោះទេ ហើយកាលពីថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016នោះ ក្រសួងបានដាក់ចាប៉ីដងវែងខ្មែរចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រៅពីល្ខោនខោល កម្ពុជាក៏គ្រោងរៀបចំឯកសារផ្សេងទៀត ស្នើទៅអង្គការយូណេស្កូ ដាក់បញ្ចូលភ្លេងអារក្ស តម្បាញសូត្រខ្មែរជាដើម ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ៕