ចិន៖ នៅសប្ដាហ៍មុន មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Samsung កំពុងសំងំបង្កើតបច្ចេកវិទ្យាថ្មីគឺស្គែនបាតដៃដើម្បីចាក និងដោះសោ ប៉ុន្តែនៅពេលនេះ សារព័ត៌មានចិន បានចេញផ្សាយនូវព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតទាក់ទងនឹងស្មាតហ្វូន Galaxy S9 របស់ Samsung។
យោងតាមការចេញផ្សាយរបស់បណ្ដាញសង្គម Weibo បានឲ្យដឹងថា Samsung Galaxy S9 គឺប្រើបច្ចេកវិទ្យាស្គែនម្រាមដៃនៅផ្នែកខាងក្រោយដដែល ពោលគឺមិនបានផ្លាស់ប្ដូរទៅប្រើបច្ចេកវិទ្យាស្គែនបាតដៃឡើយ ដោយវាមានលក្ខណៈដូចគ្នាទៅនឹង Galaxy S8។ បច្ចេកវិទ្យាស្គែនម្រាមដៃនេះ ត្រូវបាន Weibo បញ្ជាក់ថា អ្នកប្រើគ្រាន់តែយកម្រាមដៃទៅដាក់នៅពីមុខកាមេរ៉ាក្រោយរបស់ទូរស័ព្ទ ពេលនោះកាមេរ៉ា នឹងធ្វើការស្គែននូវម្រាមដៃដើម្បីផ្ទៀតផ្ទាត់។
ជាមួយគ្នានោះផងដែរ សារព័ត៌មាន GSM Arena បានចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងមិនបង្ហាញ Samsung Galaxy S9 នៅក្នុងព្រឹត្តិការណ៍ CES 2018 នៅទីក្រុង Las Vegas ឡើយ៕