លោក Peter Bosz ត្រូវបានបណ្តេញចេញដោយក្លិប Borussia Dortmund ក្រោយពីបានជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ និងក្រោយពីចាញ់ក្រុម Werder Bremen ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នៅលើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍។
លោក Bosz បានបាត់បង់ការងារក្រោយពីជួបរដូវកាលដ៏ត្រដាបត្រដួសមួយទាំងក្នុងក្របខ័ណ្ឌ Bundesliga និងក្របខ័ណ្ឌអឺរ៉ុប ហើយក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះបានប្រកាសពីការចាកចេញរបស់លោក Bosz ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ។ លោក Hans-Joachim Watzke នាយកប្រតិបត្តិរបស់ក្លិប Dortmund បានឲ្យដឹងថា៖ «កាលពីយប់មិញ ក្នុងកិច្ចសន្ទនាមួយជាមួយនឹងលោក Peter Bosz យើងបានសម្រេចចិត្តថា យើងនឹងចែកផ្លូវជាមួយគាត់ភ្លាម។
វាពិតជារឿងដ៏គួរឲ្យរំជួលចិត្ត ប៉ុន្តែ ក៏គួរឲ្យគោរពផងដែរ។ ក្នុងនាមខ្ញុំតំណាងឲ្យក្លិប Dortmund ខ្ញុំសូមថ្លែងអំណរគុណដល់លោក Peter Bosz។ យើងនៅតែចាត់ទុកថា គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់»។ លោក Bosz បានចូលកាន់តំណែងក្នុងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ កាលពីរដូវក្តៅ ប៉ុន្តែ បើទោះបីបានចាប់ផ្តើមយ៉ាងល្អក៏ដោយ ប៉ុន្តែ ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុក ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ក៏ធ្លាក់ចូលក្នុងសម្ពាធតែម្តង។
ក្លិប Dortmund បានសម្រេចជ្រើសយកជម្រើសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ តាមរយៈការដាក់ការជឿជាក់ទៅលើលោក Peter Stoger ក្នុងការជួយសង្គ្រោះជោគវាសនារបស់ពួកគេ។
លោក Stoger ទើបតែត្រូវបានបណ្តេញចេញដោយក្លិប Cologne កាលពីដើមរដូវកាលនេះ ក្រោយពីពួកគេបានធ្លាក់ទៅឈរក្នុងតំបន់កាត់ចោល។ លោក Stoger បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ និងស្ថិតក្នុងកីឡដ្ឋាននេះ»៕
ប្រភពពី៖ The Sun