តាមរយៈសារព័ត៌មានចិន Toggle បានចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា មួយរយៈនេះតារាសម្តែងស្រីចិននាង Vicki Zhao ឬ នាង ត្រចៀកកាំ បានចេញមុខរិះគន់ចំៗចំពោះអ្នកលេងបណ្ដាញសង្គមអនឡាញ ដែលបានចោទប្រកាន់នាងថា រូបនាងបានបោះបង់ក្រុមហ៊ុននៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីការិយាល័យទាំង 4 របស់ក្រុមហ៊ុននាងត្រូវបានគេមើលឃើញថា បិទទ្វារ និងទុកចោលឱ្យនៅទំនេរ។
នៅក្នុងនោះដែរ នាង Vicki និងស្វាមីអ្នកជំនួញជនជាតិចិនលោក Huang You Long ត្រូវបានអ្នកលេងបណ្ដាញសង្គមបញ្ចេញព័ត៌មានមកថា អ្នកទាំងពីរបានជាប់ពិន័យហាមឃាត់រយៈ 5 ឆ្នាំនៅក្នុងទីផ្សារមូលបត្រ ហើយម្នាក់ៗត្រូវបានពិន័យជាប្រាក់ចំនួន 300,000 យ៉ន់ ហើយកាលពីខែមុននេះ នៅក្នុងទីផ្សារភាគហ៊ុនរបស់ស៊ាងហៃត្រូវបានគេរកឃើញថា អ្នកទាំងពីរមានចេតនាក្លែងបន្លំឯកសារក្នុងនាមជាវិនិយោគិនភាគហ៊ុន។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានទទួលដំណឹងដ៏ក្ដៅស្លឹកត្រចៀកនេះហើយ តារាស្រីរូបនេះបានចេញមុខមកបកស្រាយ និងរិះគន់អ្នកលេងបណ្ដាញសង្គមអនឡាញខ្លាំងៗថា “តើនាងខ្ញុំងាយស្រួលក្នុងការផ្លាស់ប្ដូរក្រុមហ៊ុនខ្លាំងណាស់មែនទេ ដើម្បីកែលម្អបរិស្ថានការងារនោះ? យ៉ាងហោចណាស់ក៏វាត្រូវការចំណាយពេលរៀបចំដល់ទៅ 1 ឆ្នាំដែរ ហើយណាមួយបុគ្គលិកទាំងអស់ក៏គេមានភាពនឿយហត់ដែរ ដែលត្រូវចំណាយថាមពលធ្វើការខ្លាំងនៅពេលយប់ រួចត្រូវសម្រាកសងវិញ នៅពេលថ្ងៃ។ ហើយបើបុគ្គលិកនាងខ្ញុំដ៏ទៃទៀត ត្រូវបំផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតនោះ ច្បាស់ជាមិនត្រូវគ្រោះថ្នាក់អស់ហើយទេឬ ប្រសិនបើចេះតែប្ដូរទីតាំងក្រុមហ៊ុនបែបនេះនោះ? “។
សូមជម្រាបបន្ថែមផងដែរថា តារាស្រីរូបនេះ និងស្វាមី ទើបតែត្រូវបានប្រកាសថា ជាអ្នកវិនិយោគដែលទទួលបានជោគជ័យ ព្រមទាំងមានទ្រព្យសម្បត្តិសរុបជាង 1 ពាន់លានដុល្លារទៀតផង៕