Sales Skills គឺជាជំនាញសំខាន់របស់អ្នកដែលធ្វើការខាងផ្នែកលក់។ ដើម្បីឱ្យការធ្វើការងារកើតមានប្រសិទ្ធភាព អ្នកដែលធ្វើការងារផ្នែកនេះត្រូវតែមានការកែសម្រួល និងអភិវឌ្ឍសក្ដានុពលការធ្វើការងារលើផ្នែកនេះជាប់ជានិច្ច ដែលមិនត្រឹមតែនឹងធ្វើឱ្យការធ្វើការងារល្អឡើងនោះទេ តែបុគ្គលិកផ្នែកលក់ដែលមាន Sales Skills ដែលល្អ នឹងអាចយល់ពីតម្រូវការរបស់អតិថិជនបានយ៉ាងច្បាស់ទៀតផង ដែលវានឹងក្លាយជាប្រយោជន៍ដល់ការបង្កើនចំនួនលក់ដែលបានកំណត់ទុកក្នុងមួយខែៗបានយ៉ាងល្អប្រសើរ។
ដោយលក្ខណៈរបស់ការងារលក់ដែលមានភាពពាក់ព័ន្ធជាមួយនឹងសមត្ថភាពក្នុងការទាក់ទាញ និងបញ្ចុះបញ្ចូលអតិថិជន ធ្វើឱ្យអតិថិជនមានការយល់ឃើញតាម រហូតដល់ចង់ទិញទំនិញ ឬសេវាកម្មរបស់យើង អ្នកដែលធ្វើការផ្នែកលក់នេះចាំបាច់ត្រូវប្រើសិល្បៈក្នុងការលក់ដែលមិនមែនគ្រាន់តែជាការទិញលក់ទំនិញគ្នាធម្មតាៗនោះទេ តែត្រូវតែជាការលក់ដែលកើតចេញពីការរៀបចំកលយុទ្ធក្នុងការលក់យ៉ាងស័ក្តិសមទៀតផង ទើបធ្វើឱ្យការលក់ទទួលបានជោគជ័យ។
ជំនាញក្នុងការលក់ដែលអ្នកលក់មានឥទ្ធិពលចំពោះអ្នកទិញដោយការទំនាក់ទំនង ឬផ្ដល់ព័ត៌មានដែលចាំបាច់មុនការសម្រេចចិត្តទិញទំនិញ។ យើងនាំគ្នាមកមើលថា តើមានជំនាញអ្វីខ្លះដែលចាំបាច់សម្រាប់ការងារ Sales?
1 . រៀនយល់ដឹងអំពីអតិថិជន
មុននឹងធ្វើការលក់ យើងត្រូវដឹងជាមុនថា តើអតិថិជនរបស់យើងជានរណា និងកំពុងសម្លឹងរកមើលទំនិញប្រភេទណា។ យើងអាចរកអតិថិជនបានដោយការប្រមូលរួបរួមព័ត៌មានពីសៀវភៅបញ្ជីឈ្មោះផ្សេងៗក្នុងពិធីបង្ហាញមុខទំនិញ(ពិធីតាំងពិព័រណ៍) សមាគមពាណិជ្ជកម្ម តាមរយៈការដែលអតិថិជនចាស់ ឬអ្នកស្គាល់គ្នាណែនាំអ្នកដែលចាប់អារម្មណ៍ឱ្យ ឬតាមវេបសាយផ្សេងៗជាដើម។ វិធីនេះនឹងជួយឱ្យយើងបានអតិថិជនដែលត្រូវនឹងគោលដៅបានកាន់តែងាយឡើង បន្ទាប់ពីនោះទើបដំណើរការទាក់ទងតាមទូរស័ព្ទ ឬបណ្ដាញសង្គមអនឡាញដើម្បីផ្ដល់ព័ត៌មានបឋមទៅអតិថិជន និងណាត់ជួបជជែកគ្នាជាបន្ត។
2 . បើកឆាកការលក់ដើម្បីសាងភាពពេញចិត្ត
មុនពេលដែលយើងនឹងបើកឆាកការលក់ យើងត្រូវប្រាកដក្នុងចិត្តជាមុនសិនថា យើងមានព័ត៌មានពាក់ព័ន្ធនឹងអតិថិជនច្រើនគ្រប់គ្រាន់ហើយ ហើយសឹមរៀបផែនការកលយុទ្ធក្នុងការលក់។ នៅពេលយើងបើកការលក់ យើងត្រូវធ្វើឱ្យអតិថិជនកើតមានភាពពេញចិត្ត និងត្រូវមានសុជីវធម៌ដែលល្អក្នុងការលក់ ត្រូវមិនធ្វើឱ្យអតិថិជនមានអារម្មណ៍ធុញទ្រាន់ ទើសទាល់ដោយការបើកការលក់ដែលម៉ឺងម៉ាត់ខ្លាំងជ្រុលពេកនោះទេ។
3 . សាងចំណាប់អារម្មណ៍នៅពេលបើកការលក់
ការណែនាំស្នើការលក់ដោយបរិយាយពាក់ព័ន្ធនឹងមុខទំនិញនោះ យើងត្រូវធ្វើឱ្យអតិថិជនមានអារម្មណ៍
ជំពប់ចិត្ត ឬភ្ញាក់ផ្អើលក្នុងរឿងដែលយើងនិយាយរហូតនាំទៅដល់ការចាប់អារម្មណ៍លើមុខទំនិញ ហើយទើបជំរុញឱ្យកើតមានតម្រូវការដើម្បីឱ្យអតិថិជនសម្រេចចិត្តទិញ។ អ្នកលក់គួរព្យយាមសាងសេចក្ដីត្រូវការឱ្យកើតមានឡើងចំពោះអតិថិជន ចង្អុលឱ្យឃើញពីចំណុចល្អរបស់ទំនិញរបស់យើង ដោយបកស្រាយយ៉ាងត្រង់ទៅត្រង់មកដើម្បីឱ្យអតិថិជនកើតមានភាពជឿជាក់លើមុខទំនិញ និងសេវាកម្មរបស់យើង។ ក្នុងអំឡុងពេលចរចាលក់ អតិថិជនអាចនឹងមានចំណុចងឿងឆ្ងល់ក្នុងច្រើនរឿង មិនថាតែ តម្លៃរបស់ទំនិញដែលខ្ពស់ពេក ឬនៅមិនទាន់ត្រូវចិត្តជាមួយមុខទំនិញជាដើម ដូច្នេះអ្នកលក់ត្រូវព្យយាមរក្សាបរិយាកាសឱ្យមានភាពវិជ្ជមានឱ្យបានច្រើនបំផុត និងឆ្លើយតបចំណុចងឿងឆ្ងល់ទាំងនោះយ៉ាងចិត្តត្រជាក់ៗ និងបង្ហាញពីភាពជឿជាក់លើមុខទំនិញរបស់ខ្លួនឱ្យអតិថិជនបានឃើញ។
4 . បិទឆាកការលក់យ៉ាងឆ្លាតវៃ
ក្នុងអំឡុងការសន្ទនាដើម្បីបើកការលក់ នៅពេលដែលគ្រប់យ៉ាងដំណើរការទៅដោយប្រពៃ និងអតិថិជនមានអកប្បកិរិយាថានឹងទិញរបស់យើងហើយនោះ យើងគួរប្រើឱកាសនោះបិទឆាកការលក់ភ្លាមតែម្ដង តែមិនត្រូវប្រញាប់ប្រញាល់ជ្រុលពេកនោះទេ។ យើងគួរសរុបឱ្យអតិថិជនសម្រេចចិត្តទិញមុខទំនិញរបស់យើង ដោយបង្ហាញពីជម្រើសឱ្យបានឆាប់រហ័ស និងងាយស្រួលឡើង។ ប្រាប់អតិថិជនថា គាត់នឹងទទួលបានអ្វីខ្លះ និងអាចនឹងមានការផ្ដល់សំណូមពរពិសេស ដូចជា គិតតម្លៃពិសេសជូន បញ្ចុះតម្លៃជូន ឬមានរបស់ថែម ជាដើម។ ត្រឹមតែប៉ុណ្ណឹង អតិថិជនក៏នឹងកើតមានក្ដីពេញចិត្តក្នុងការលក់របស់យើងហើយ។
សមត្ថភាពក្នុងការទាក់ទាញចិត្តអតិថិជន អាចនិយាយបានថាជាបេះដូងសំខាន់សម្រាប់អ្នកដែលធ្វើការផ្នែក Sales តែត្រូវមិនធ្វើដោយភាពប្រញាប់ប្រញាល់នោះទេ និងបើយើងត្រូវការបិទការលក់លឿនជ្រុលពេក អតិថិជននឹងមានអារម្មណ៍ទើសទាល់ និងអាចនឹងលែងទិញទំនិញរបស់យើងទៀតក៏អាចថាបានដែរ ដូច្នេះក្នុងការលក់គ្រប់ពេល យើងត្រូវនឹកដល់ចិត្តគេ ចិត្តយើងឱ្យបានច្រើនបំផុត ដើម្បីឱ្យអតិថិជនកើតមានភាពពេញចិត្ត និងទិញទំនិញ ឬសេវាកម្មរបស់យើងយូរតទៅទៀត៕
រៀបរៀងដោយ តាវ៉ែនតា