ដោយយោងតាមសារព័ត៌មាន Teenee នៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា តារាឯកប្រុសជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 ថៃ គឺលោក ចេមស៍-ជិរ៉ាយុ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាដោយជោគជ័យ បន្ទាប់ពីលោកបានតាំងចិត្តព្យាយាមក្នុងការសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអស់រយៈពេល 5 ឆ្នាំកន្លងមក។
តារាប្រុសរូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថៃថា «ខ្ញុំបាទនឹងទទួលបរិញ្ញាបត្រនៅថ្ងៃទី15 -17 ខែធ្នូខាងមុខនេះ ខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលបានសិក្សារហូតបានបញ្ចប់ហើយប្រឡងជាប់សញ្ញាបត្របរិញ្ញានេះ។ នេះគឺជាមោទនភាពមួយសម្រាប់ក្រុមគ្រួសារខ្ញុំ ហើយចំពោះការសិក្សាបន្ដទៀត ខ្ញុំក៏បានគិតខ្លះៗដែរ តែនៅមិនទាន់ដឹងថា ទៅរួចដែឬក៏អត់ទេ យ៉ាងណាមិញនៅពេលនេះគឺប្រហែលជាផ្អាកសិនហើយ ព្រោះគិតចង់ផ្ដោតលើរឿងការងារខ្លាំងជាង»។
លោក ចេមស៍ ក៏បានបញ្ជាក់ផងដែរថា ចំពោះការសិក្សាបណ្ដើរ ធ្វើការងារបណ្ដើរនោះ គឺមិនមែនជារឿងងាយស្រួលនោះទេ តែលោកបានព្យាយាមឱ្យការងារទាំងពីរនេះដើរទន្ទឹមគ្នាទៅបានជារឿយៗ។ ជាទូទៅចំពោះការសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម គឺត្រូវចំណាយពេលសិក្សាត្រឹមតែ 4 ឆ្នាំប៉ុណ្ណោះ ដោយឡែកលោកចង់បន្ថែមមុខវិជ្ជាច្បាប់មួយមុខទៀត ទើបត្រូវចំណាយពេលបន្ថែម 1ឆ្នាំទៀត។
គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ 24 ឆ្នាំរូបនេះ នឹងឡើងទទួលសញ្ញាបត្របរិញ្ញាដែលនឹងប្រទានដោយព្រះមហាក្សត្រ និងជំនួបថតរូបជាមួយក្រុមគ្រួសារ រួមទាំងបណ្ដាអ្នកគាំទ្ររបស់លោកទាំងអស់នៅថ្ងៃទី16 ខែធ្នូ ខាងមុខនេះ៕