នៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017 មានខ្សែភាពយន្តល្បីមួយរឿងដែលយុវវ័យកំពុងចាប់អារម្មណ៍ខ្លាំងដែលមានចំណងជើងថា ” Final Semester” ជាវណ្ណកម្មរបស់ផលិតកម្ម កងចក្រភាពយន្ដ ដែលលោកអ្នកធ្លាប់បានស្គាល់ពីគុណភាពនៃការផលិតកន្លងមកតាមរយៈរឿង “ការពារឧក្រិដ្ឋជន ឬ Jail Break” កំពុងតែធ្វើឱ្យស្រទាប់យុវវ័យអ្នកគាំទ្រពុះកញ្ជ្រោល និងអន្ទះសារង់ចាំទស្សនាខ្លាំងបំផុត។ ដោយឡែកនៅក្នុងរឿងនេះក៏មានវត្តមានតារាសម្ដែងវ័យក្មេងលោក Bondcher Both រួមជាមួយតារាៗវ័យក្មេងល្បីៗជាច្រើនរូបទៀត បានចូលរួមសម្ដែងនៅក្នុងរឿងបែបភ័យរន្ធត់មួយនេះ។
លោក Bondcher Both បានផ្ដល់បទសម្ភាសជាពិសេសមួយជាមួយសារព័ត៌មានឡារ៉ែន ដោយបានឱ្យដឹងថា «នេះគឺជាខ្សែភាពយន្តខ្នាតធំលើកដំបូងរបស់ខ្ញុំ ដែលត្រូវបានខាងផលិតកម្មអញ្ចើញឱ្យចូលរួមសម្ដែង។ ជាប្រភេទរឿងបែបយុវវ័យនៅក្នុងវ័យសិក្សា ក៏ប៉ុន្ដែមានរសជាតិរឿងប្លែកខុសពីគេ គឺមានលាយឡំជាមួយភាពភ័យខ្លាច រន្ធត់ស្លុងអារម្មណ៍ស្ទើរតែគាំងបេះដូង អស់សំណើច និងមនោសញ្ចេតនា ហើយកាន់ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងដោយសារតែរឿងមានគុណភាពស្ដង់ដារអន្ដរជាតិទៀតផង»។ លោកបានបន្ដទៀតថា «ថ្វីដ្បិតតែនេះជារឿងខ្នាតធំដំបូងដែលខ្ញុំបានចូលរួមសម្ដែងមែន ប៉ុន្ដែខ្ញុំមានមោទនភាពណាស់ ដែលរឿងនេះត្រូវបានយកទៅបញ្ចាំងនៅលើឆាកអន្ដរជាតិ បន្ទាប់មកទើបដាក់បញ្ចាំងនៅក្នុងស្រុកខ្មែរយើង អាចនិយាយបានថា រំភើបចិត្តខ្លាំងណាស់ដែលចូលរួមសម្ដែង»។
គួរបញ្ជាក់ផងដែរថា តារាប្រុសដែលមានទម្រង់មុខកូនកាត់រូបនេះ ហាក់បីដូចជាមិនសូវបានបញ្ចេញមុខមាត់នៅលើវិថីសិល្បៈខ្មែរប៉ុន្មានទេ ដោយសារតែលោកមានការមមាញឹកនៅក្នុងការសិក្សាច្រើនជាង។ យ៉ាងណាមិញប្រជាប្រិយភាពរបស់លោកនៅតែមានអ្នកគាំទ្របន្ដ ដោយសារតែលោកទទួលតែការងារបង្ហាញម៉ូដតាមកម្មវិធីធំៗ ថតស្ប៉តពាណិជ្ជកម្ម និងការសម្ដែងរឿងភាគដែលមិនប៉ះពាល់ដល់ការសិក្សាតែប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលថ្មីៗលោកត្រូវបានផលិតករខ្មែរល្បីអញ្ជើញថតខ្សែភាពយន្ដច្រើន ហើយរឿងថ្មីបន្ទាប់ទៅទៀតដែលលោកបានចូលរួមសម្ដែងមានចំណងជើងថា “ស្នេហ៍អូនលុះអវសាន” ជាប្រភេទរឿងស្នេហាមនោសញ្ចេតនាជ្រាលជ្រៅ៕