ខ្សែបម្រើ Jack Wilshere បានក្លាយជាតារាឆ្នើម ខណៈដែលក្រុម Arsenal បានលត់ក្រុម BATE Borisov យ៉ាងចាស់ដៃក្នុងលទ្ធផល 6-០ នាកីឡដ្ឋាន Emirates ក្នុងការប្រកួតជុំចុងក្រោយនៃពូលក្នុងក្របខ័ណ្ឌ Europa League របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលក្រុម Marseille បានកក់កៅអីរបស់ពួកគេ ក្នុងវគ្គ32ក្រុមចុងក្រោយ។
លោក Arsene Wenger បានធ្វើការផ្លាស់ប្តូរកីឡាករទាំង11នាក់ចំពោះក្រុមដែលបានចាញ់ក្រុម Manchester United កាលពីចុងសប្តាហ៍មុន ប៉ុន្តែក្នុងជម្រើសទី2របស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ដើម្បីជួយឲ្យលោកកត់ត្រាជ័យជម្នះជាលើកទី700របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ Arsenal។ ក្រោយពីខ្សែការពារដែលរងការរំខានដោយបញ្ហារបួស Mathieu Debuchy បានរកគ្រាប់បាល់បើកឆាកនៅនាទីទី11 តាមរយៈការស៊ុតបាល់បញ្ចូលទីជាលើកទី1របស់គេក្នុងរយៈពេល1082ថ្ងៃ ហើយខ្សែប្រយុទ្ធ Theo Walcott បានបន្ថែម1គ្រាប់ទៀតនៅនាទីទី37។
បន្ទាប់មក នៅរយៈពេល 2នាទីចុងក្រោយនៃតង់ទី1 Wilshere បានបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីរបស់គេសម្រាប់ក្រុម Arsenal ចាប់តាំងពីថ្ងៃចុងក្រោយនៃក្របខ័ណ្ឌ Premier League រដូវកាលឆ្នាំ2014-2015 តែម្តង។ ការធ្វើឲ្យបាល់ចូលទីខ្លួនឯង1គ្រាប់ពីសំណាក់ខ្សែការពារ Denis Polyakov បានជួយឲ្យក្រុម Arsenal នាំមុខ4-០ នៅដើមតង់ទី2 មុនពេលខ្សែប្រយុទ្ធ Olivier Giroud បានរកគ្រាប់បាល់ទី6របស់គេនៅរដូវកាលនេះ ពីការស៊ុតបាល់ប៉េណាល់ទី ហើយ Mohamed Elneny បានបំពេញជ័យជម្នះដ៏ធំសម្រាប់ក្រុមខ្លួននៅរយៈពេល16នាទីចុងក្រោយតែម្តង។
Wilshere បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាជារឿងដែលធូរស្រាលបន្តិចដែលខ្ញុំបានរកគ្រាប់បាល់បញ្ចូលទី។ វាជាគ្រាប់បាល់1គ្រាប់ក្នុងចំណោមការប្រកួតទាំងនោះ ប៉ុន្តែ វាមិនមានន័យអ្វីឡើយ ពីព្រោះយើងបានឈរលេខ1ក្នុងពូលស្រេចទៅហើយ»៕
ប្រភពពី៖ Sport24