ការស៊ុតបាល់បញ្ចូលទី3គ្រាប់របស់ខ្សែបម្រើ Philippe Coutinho បានជួយឲ្យក្រុមហង្សក្រហម Liverpool រកបានដល់ទៅ៧7គ្រាប់ ដើម្បីកត់ត្រាជ័យជម្នះ 7-០ លើក្រុម Spartak Moscow កាលពីថ្ងៃពុធ ខណៈដែលពួកគេបានចូលរួមជាមួយនឹងក្រុម Sevilla, Shakhtar Donetsk និង Porto ក្នុងការឈានទៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
តារាឆ្នើមទាំងបួនរបស់ Liverpool ដែលរួមមាន Coutinho, Sadio Mane, Roberto Firmino និង Mohamed Salah សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីបំពេញជ័យជម្នះដ៏ធំសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងការប្រកួតជុំចុងក្រោយនៃពូល ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានបង្កើតកំណត់ត្រានៃការរកគ្រាប់បាល់ក្នុងយុទ្ធនាការ Champions League ផងដែរ។ តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ រកបានគ្រាប់បាល់ទី9របស់គេក្នុងយុទ្ធនាការនៃរដូវកាលនេះ ដើម្បីជួយឲ្យក្រុម Real Madrid ទទួលជ័យជម្នះ 3-2 ក្នុងផ្ទះខ្លួនឯងលើក្រុម Borussia Dortmund។
ជាមួយនឹងគ្រាប់បាល់នេះ រូបគេបានក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទីក្នុងរាល់ការប្រកួតទាំង6លើកនៃវគ្គចែកពូលក្នុងក្របខ័ណ្ឌ Champions League រដូវកាលមួយ ស្របពេលដែលរូបគេក៏តាមស្មើកំណត់ត្រារបស់តារាឆ្នើម Lionel Messi នៃក្លិប Barcelona នៃការរកបានគ្រាប់បាល់សរុបក្នុងការប្រកួតវគ្គចែកពូលចំនួន60គ្រាប់ផងដែរ។ Liverpool បានស្ថិតក្នុងទម្រង់លេងយ៉ាងមុតស្រួចនៅរដូវកាលនេះ ហើយការយកឈ្នះលើក្រុម Spartak យ៉ាងចាស់ដៃ គឺជាជ័យជម្នះដ៏ធំជាលើកទី2 ក្រោយពីពួកគេបានផ្តួលក្រុម Maribor ក្នុងលទ្ធផល 7-០ ដូចគ្នា កាលពីខែតុលា។
ក្រោយពីបានជួយឲ្យ Liverpool ឈានទៅវគ្គ16ក្រុមចុងក្រោយជាលើកទី1 ក្នុងរយៈពេល9ឆ្នាំ លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាពិតជាលំបាកណាស់នៅពេលដែលយើងឈានទៅវគ្គបន្ត និងប្រើប្រាស់គម្លាតនេះ។ វាជារឿងដ៏ល្អក្នុងការទស្សនាការប្រកួតនៅរាត្រីនេះ»៕
ប្រភពពី៖ Sport24