មិនថានៅហាងកាហ្វេប្រ៊េន ភោជនីយដ្ឋានទំនើប សណ្ឋាគារល្បីៗ ផ្សារទំនើប នៅលើយន្តហោះ នៅបរទេស ឬនៅកន្លែងកម្សាន្តល្បីៗនោះទេ បច្ចុប្បន្នគេតែងសង្កេតឃើញថារូបភាពនៅកន្លែងទាំងអស់នោះត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញពីភាពស៊ីវិល័យក្នុងការរស់នៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia Co., Ltd បានលើកឡើងថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍហើយកម្រិតជីវភាពរបស់ប្រជាជនក៏ចាប់ផ្តើមប្រសើរឡើងផងដែរ ដែលធ្វើឱ្យពួកគេមានលទ្ធភាពកាន់តែច្រើនក្នុងការផ្លាស់ប្តូរជីវិតរស់នៅ។ កាលពីមុនអ្វីដែលប្រជាជនត្រូវការ គឺអាហារ និងតម្រូវការប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់តែពេលនេះមនុស្សចាប់ផ្តើមចេះប្រើជីវិតឱ្យកាន់តែប្រសើរ តាមរយៈការដើរកម្សាន្ត ការប្រើប្រាស់សម្ភារទំនើបៗ និងបែបបទនៃការរស់នៅបែបទំនើប។
លោកឧកញ៉ាមានប្រសាសន៍ថា ៖ “សម្រាប់ការរកស៊ីក៏ដូចគ្នាដែរ គឺត្រូវតែចេះមើលពីស្ថានការណ៍សង្គម ស្របពេលដែលមនុស្សចាប់ផ្តើមមានជីវភាពល្អប្រសើរ។ មនុស្សជាច្រើន ចាប់ផ្តើមគិតគូរពីសម្រស់ និងការកម្សាន្ត ហេតុនេះផលិតផលរក្សាសម្រស់ជាជម្រើសល្អមួយដែលគួរយកមកគិត”។
ចំណែក លោក លី តារា អ្នកនិពន្ធសៀវភៅយុវវ័យ បាននិយាយថា បច្ចុប្បន្នមានយុវជនមួយចំនួនចាប់ផ្តើមចូលចិត្តប្រើជីវិតបែបស៊ីវិល័យ (Lifestyle) ដោយអ្នកខ្លះចូលចិត្តប្រើប្រាស់ឧបករណ៍ទំនើបៗ ចូលចិត្តដើរកម្សាន្តនៅកន្លែងល្អៗ ហើយអ្នកខ្លះចូលចិត្តហាងប្រែ៊ន ជាដើម។ ការចូលចិត្តប្រើជីវិតស៊ីវិល័យបែបនេះ គឺមកពីចរន្តនៃការរស់នៅ និងទំនាក់ទំនងកាន់តែមានភាពជឿនលឿន ដែលធ្វើឱ្យយុវវ័យមើលឃើញកាន់តែច្រើនពីរបៀបនៃការរស់នៅរបស់មនុស្សនៅបរទេស ហើយចរន្តនៃភាពទំនើបនេះអាចធ្វើឱ្យមានការអនុវត្តតាមក្នុងចំណោមយុវជននៅកម្ពុជា។
លោក តារា និយាយថា ៖ “ចំពោះការប្រើប្រាស់ជីវិតបែបស៊ីវិល័យរបស់យុវជន ខ្ញុំគិតថាបណ្តាលមកពីចរន្តនៃការឆ្លងចូលរបស់វប្បធម៌បរទេស ដែលធ្វើឱ្យយុវជនខ្មែរគិតថាឡូយ ហើយក៏ព្យាយាមអនុវត្តតាម”។
អ្នកនិពន្ធខាងលើ បានបង្ហាញថា យុវវ័យបច្ចុប្បន្នកំពុងរស់នៅក្នុងពិភពលោកដែលពោរពេញដោយការធ្វើទំនាក់ទំនង ហេតុនេះបណ្តាញបច្ចេកវិទ្យា និងបណ្តាញសង្គម បានធ្វើឱ្យពួកគាត់យល់ឃើញយ៉ាងច្បាស់ពីរបៀបនៃការរស់នៅរបស់មនុស្សនៅក្នុងប្រទេសនានា ខណៈអ្នកខ្លះទៀតបានទៅបន្តការសិក្សានៅ ឬទៅទេសចរណ៍នៅបរទេសធ្វើឱ្យពួកគាត់បានឃើញ ហើយក៏ចាប់យកចំណុចល្អៗមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោក ពេជ្រ ពិសាល ប្រធានគ្រប់គ្រងគម្រោង Daily Plus ដែលជាស្ថាប័នរៀបចំសិក្ខាសាលាសម្រាប់យុវជនលើជំនាញសហគ្រិន និងការអប់រំ បានលើកឡើងថា មានកត្តា 2យ៉ាងដែលយុវវ័យបច្ចុប្បន្នចាប់ផ្តើមប្រើប្រាស់ជីវិតបែបទំនើប គឺទី1 កត្តាបច្ចេកវិទ្យា ដោយសំដៅលើបណ្តាញសង្គម ដែលមានដូចជា Facebook ឬ Instagram ជាច្រើនកំពុងតែប្រើប្រាស់ជាបណ្តាញព័ត៌មានផ្ទាល់ខ្លួន និងទី2 គឺលំហូរនៃអាជីវកម្មទំនើបដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ។
លោក ពិសាល បាននិយាយថា ៖ “មនុស្សជាច្រើនចាប់ផ្តើមរស់នៅក្នុងពិភព Facebook ច្រើនប្រហាក់ប្រហែលនឹងរស់នៅក្នុងជីវិតជាក់ស្តែងដែរ ហេតុនេះទើបពួកគេចូលចិត្តបង្ហាញពីជីវិតបែបស៊ីវិល័យរបស់គេនៅក្នុងបណ្តាញសង្គម។ ចំណុចនេះហើយទើបធ្វើឱ្យមនុស្សជាច្រើន ពិសេសយុវវ័យចូលចិត្តរស់នៅក្នុងជីវិតបែបទំនើបដើម្បីទទួលបានរូបភាពទំនើប និងស្រស់ស្អាតនៅក្នុងបណ្តាញសង្គម”។
លោក ពេជ្រ ពិសាល បានលើកឡើងថា ចំពោះបញ្ហាលំហូរនៃអាជីវកម្ម ក៏មានជាប់ទាក់ទងច្រើនផងដែរលើការផ្លាស់ប្តូរវិធីរស់នៅនេះ។ លោកនិយាយថា បច្ចុប្បន្នមាននិស្សិតជាច្រើនបានចេញទៅសិក្សានៅបរទេស ហើយបានឃើញពីអាជីវកម្មប្លែកៗដែលប្រទេសកម្ពុជាមិនទាន់មាន។ រូបភាពភាពនៃការផ្សព្វផ្សាយអាជីវកម្មទាំងអស់នោះ បានជំរុញឱ្យប្រជាជនជាច្រើនទៀតបានឃើញ និងបានស្គាល់ពីជម្រើសនៃការរស់នៅកាន់តែប្រសើរ ស្របពេលដែលកន្លែងល្អៗជាច្រើនផ្សេងទៀតកំពុងអភិវឌ្ឍឱ្យប្លែក និងដេញជើងគ្នាជាបន្តបន្ទាប់៕