នៅកម្ពុជាមានជនបរទេសមិនច្រើនទេដែលទទួលបានការប្រទានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ ហើយក៏មិនមានជនបទេសច្រើនទេដែលបានចំណាយស្ទើរគ្រប់យ៉ាងក្នុងជីវិតដើម្បីជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាដែលកំពុងត្រូវការជំនួយ។ ក្នុងចំណោមមនុស្សដ៏ឧត្តមទាំងអស់នោះ លោក Scott Neeson ក៏ជាបុរសម្នាក់ដែលបានបំពេញកិច្ចការងារយ៉ាងយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះកុមាររើសសំរាមជាច្រើននាក់ផងដែរនៅតំបន់ស្ទឹងមានជ័យ ឱ្យទទួលបានពន្លឺនៃអនាគតយ៉ាងត្រចះត្រចង់។
កុមារជាច្រើននៅតំបន់ចាក់សំរាមស្ទឹងមានជ័យបានចាត់ទុកនាយកប្រតិបត្តិ និងជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (FCC) រូបនេះថាជាលោកឪពុកទី2 ដែលបានផ្តល់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងថវិកាដើម្បីការរៀនសូត្រក្នុងបរិស្ថានយ៉ាងល្អប្រសើរបំផុត។ ប្រជាជនខ្មែរជាច្រើនដែលធ្លាប់ឮឈ្មោះ លោក Scott Neeson សុទ្ធតែដឹងថាបុរសរូបនេះជាមនុស្សដែលគួរឱ្យគោរព តែមិនបានដឹងពីសាវតារលម្អិតរបស់គាត់ឡើយ។
លោក Scott Neeson ជាផលិតករភាពយន្តជនជាតិស្កុតឡែន កូនកាត់អូស្ត្រាលី ដែលកើតនៅរដ្ឋធានី Edinburgh ប្រទេសស្កុតឡែន ហើយបានផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសអូស្ត្រាលីនៅពេលដែលលោកមានអាយុ 5ឆ្នាំ។
លោក Scott បានចូលបម្រើការងារដំបូងរបស់ខ្លួននៅក្រុមហ៊ុនឯកជនមួយនាទីក្រុង Elizabeth ដែលជាទីក្រុងដ៏សំខាន់មួយក្នុងប្រទេសអូស្ត្រាលី ដោយពេលនោះលោកមិនបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យនោះទេ។ លោកបានចាប់ផ្តើមការងារដំបូងបំផុតក្នុងនាមជាអ្នកដឹកជញ្ជូនបណ្ណភាពយន្ត ដែលអាជីពនេះបានជំរុញឱ្យលោករក្សា បានបទពិសោធយ៉ាងច្រើនក្នុងវិស័យភាពយន្ត រហូតក្លាយជាផលិតករដ៏ល្បីល្បាញម្នាក់។ នៅឆ្នាំ1993 លោក Scott Neeson បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនភាពយន្ត 20th Century Fox International ដែលជាក្រុមហ៊ុនល្បីនៅអាមេរិក។
នៅ 20th Century Fox International លោក Scott Neeson បានខិតខំប្រឹងប្រែងអស់រយៈពេល10ឆ្នាំរហូតទទួលបានតំណែងជានាយកក្រុមហ៊ុនមួយនេះ និងបានផលិតខ្សែភាពយន្តល្បីល្បាញជាច្រើន ដែលមានខ្លះប្រជាជនខ្មែរក៏ធ្លាប់បានទស្សនាដែរ តែមិនបានដឹងថាបុរសជនជាតិស្កុតឡែន (ដែលក្រោមមកទទួលបានសញ្ជាតិខ្មែរ) ដ៏អស្ចារ្យនេះជាអ្នកផលិត។ សាច់រឿងដែលគួរឱ្យកត់សម្គាល់មួយចំនួនដែលត្រូវបានចេញផ្សាយ និងដឹកនាំដោយលោក Scott Neeson មានដូចជារឿង The Star Wars រឿង X-Men រឿង Titanic រឿង Brave heart រឿង Independence Day និងរឿងប្រមាណជាង 100ផ្សេងទៀត។
បន្ទាប់ពីលាលែងតំណែងពីក្រុមហ៊ុន 20th Century Fox International នៅឆ្នាំ2003 លោក Scott Neeson បានធ្វើដំណើរស្រាវជ្រាវរយៈពេលខ្លីនៅតំបន់អាស៊ី មុនចូលបម្រើការងារនៅក្រុមហ៊ុន Sony Picture Entertainment។ នៅក្នុងដំណើរកម្សាន្ត និងស្រាវជ្រាវរយៈពេលខ្លីនេះ លោក Scott បានមកដល់តំបន់ចាក់សំរាមនៅកម្ពុជា ហើយជីវិតរបស់លោកក៏ចាប់ផ្តើមផ្លាស់ប្តូរនៅពេលនោះ។ នៅតំបន់ចាក់សំរាមស្ទឹងមានជ័យបានធ្វើឱ្យលោកមានភាពក្តុកក្តួលជាមួយនឹងស្ថានភាពកុមារដែលកំពុងរស់នៅក្នុងសភាពក្រីក្រ កំព្រា និងបញ្ហាសុខភាពអនាម័យ ដែលរឿងរ៉ាវទាំងអស់នេះហើយដែលធ្វើឱ្យលោក Scott Neeson សម្រេចចិត្តបង្កើតមូលនិធិកុមារកម្ពុជា (CCF) ឡើង។
បន្ទាប់ពីបង្កើតមូលនិធិកុមារកម្ពុជានៅក្នុងឆ្នាំ2003 លោក Scott Neeson បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីបម្រើការងារនៅក្នុងក្រុមហ៊ុន Sony Picture មួយរយៈពេលខ្លះ ហើយក៏សម្រេចចិត្តលាឈប់ពីការងារនៅពិភពហូលីវូដ ដោយលក់ទ្រព្យសម្បត្តិរបស់លោក ហើយផ្លាស់មករស់នៅប្រទេសកម្ពុជាក្នុងនាមជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិកុមារកម្ពុជា (CCF)។
បច្ចុប្បន្នអង្គការ CCF ផ្តល់ការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារ និងសមាជិកសហគមន៍ជាង 30,000នាក់ជារៀងរាល់ឆ្នាំ ផ្តល់អាហារដល់កុមារដែលអត់ឃ្លានចំនួន400នាក់ជារៀងរាល់ថ្ងៃ ជាមួយនឹងកម្មវិធីអាហារពេលល្ងាច និងបានអប់រំសិស្សជាង 3,000នាក់ពីសាលាមត្តេយ្យរហូតដល់មហាវិទ្យាល័យ។
លោក Neeson បានធ្វើការដោយមិនខ្លាចនឿយហត់តាមរយៈអង្គការរបស់លោកដើម្បីធានាថា អ្នកដែលទទួលរងផលប៉ះពាល់ពីភាពក្រីក្រធ្ងន់ធ្ងរ ទទួលបានការថែទាំសុខភាព ការអប់រំ និងទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ការរស់នៅប្រកបដោយស្តង់ដារ។ ការងាររបស់លោកបានផ្លាស់ប្តូរជីវិតរស់នៅរបស់ពលរដ្ឋខ្មែរជាច្រើន តាមរយៈការផ្តល់សេចក្តីថ្លៃថ្នូរដល់ពួកគេ និងផ្លាស់ប្តូររបៀបដែលពួកគេមើលឃើញខ្លួនឯងនិង ពិភពលោក។
ជាលទ្ធផលចំពោះការខិតខំប្រឹងប្រែង លោកឪពុកទី2 នៃកុមាររើសសំរាមនៅស្ទឹងមានជ័យ Scott Neeson បានទទួលពានរង្វាន់ Q Prize ពីលោក Quincy Jones នៅឆ្នាំ2007 នៅក្នុងកម្មវិធីសម្ពោធសាលា Harvard School of Public Health លើភាពជាអ្នកដឹកនាំដ៏សាមញ្ញរបស់លោកក្នុងការទ្រទ្រង់ និងឧបត្ថម្ភកុមារនៅកម្ពុជា។ នៅឆ្នាំនោះផងដែរ លោកក៏ទទួលបានពានរង្វាន់ Rex Foundation Bill Graham ដែលផ្តល់ក្នុងនាមជាអ្នកបង្កើតទីជម្រកសម្រាប់កុមារកម្ពុជា ដើម្បីអភិវឌ្ឍខ្លួនឯងលើការអប់រំ។ លើសពីនេះទៅទៀត នៅឆ្នាំ2014 លោក Scott Neeson បានក្លាយជាបេក្ខជនប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់មនុស្សធម៌ Rotary International One។ កាលពីថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 ថ្មីៗនេះ លោក Scott Neeson ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសង្គមកិច្ច ពីសាកលវិទ្យាល័យសុខាភិបាល និងវិទ្យាសាស្ត្រសង្គម St. Elizabeth ដែលនៅព្រះរាជាណាចក្រកម្ពុជាមានតែលោក Neeson ប៉ុណ្ណោះជាបុគ្គលទី2 ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះក្នុងប្រវត្ដិសាស្ដ្ររបស់សាកលវិទ្យាល័យស្លូវ៉ាគីបន្ទាប់ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕