ផ្សារលក់ទំនិញដ៏ធំលំដាប់អន្ដរជាតិ Makro ដែលមានទីតាំងក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបពោងពាយ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្បែរផ្សារទំនើប អុីអន ទី2 នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី17 ខែវិច្ឆិកា ខាងមុខនេះហើយ។
ផ្សារទំនើបលំដាប់អន្ដរជាតិនេះនឹងមានលក់ទំនិញជាច្រើនប្រភេទទាំងការលក់បោះដុំ និងលក់រាយ។ Makro ដែលត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដី5ហិកតានេះ ជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស៊ីភី គ្រុប ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មធំជាងគេរបស់ប្រទេសថៃ សហការជាមួយក្រុមហ៊ុន L.Y.P Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់។
លោកស្រី ស៊ុឆាដា អ៊ីធីចារូគូស អគ្គនាយកក្រុមហ៊ុន ស្យាម ម៉ាក្រូ បានលើកឡើងថា វាជាមោទនភាពបំផុតសម្រាប់ទីផ្សារដ៏ធំនេះ ដែលបានបើកសាខាដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលការគាំទ្រជាខ្លាំងពីប្រជាជនថៃរយៈពេល30ឆ្នាំកន្លងមក៕