លោក Antonio Conte បានបញ្ជាក់ថា លោកទើបតែចាប់ផ្តើមប៉ុណ្ណោះ ខណៈដែលក្រុម Chelsea កំពុងតែខិតយ៉ាងប្រកៀកក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នឹងនាំយកយកពានកំពូលរបស់អង់គ្លេសទៅកាន់កីឡដ្ឋាន Stamford Bridge ប្រសិនបើក្រុមរបស់លោកផ្តួលក្រុម Middlesbrough នៅរាត្រីនេះ និងយកឈ្នះលើក្រុម West Brom នៅថ្ងៃសុក្រ ខាងមុខ។ បន្ទាប់មក លោកនឹងត្រូវសម្រាកនៅរដូវក្តៅ ដើម្បីចាប់ផ្តើមធ្វើការជួសជុលក្រុម Chelsea ដើម្បីធ្វើឲ្យពួកគេកាន់តែមានភាពខ្លាំងក្លា។
លោក Conte បានឲ្យដឹងថា៖ «ពិតណាស់ យើងកំពុងតែស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ។ យើងបាត់បង់កីឡាករជាច្រើនដែលបានបង្កើតប្រវត្តិសាស្ត្ររបស់ក្លិបនេះ»។ ខ្សែប្រយុទ្ធ Diego Costa នឹងត្រូវចាកចេញដើម្បីចូលរួមជាមួយនឹងក្លិបនៅចិននារដូវក្តៅនេះ ហើយលោក Conte បានបញ្ជាក់ថា៖ «នៅរដូវកាលនេះ យើងបានបាត់បង់ខ្សែការពារ Ivanovic យើងបានបាត់បង់ Mikel ហើយនៅរដូវកាលក្រោយ យើងនឹងបាត់បង់ John Terry ពោលគឺកីឡាករបីនាក់។ កុំភ្លេចថា Oscar បានចាកចេញកាលពីខែមករា ដែលនៅពេលនោះយើងបានលក់រូបគេចេញ»។
គ្រូបង្វឹករូបបានបន្ថែមទៀតថា៖ «បច្ចុប្បន្ន វាពិតជាលំបាកណាស់ក្នុងការប្រឈមមុខនឹងបញ្ហាទាក់ទងនឹង Costa ហើយខ្ញុំមិនចង់គិតពីបញ្ហានេះឡើយ។ ខ្ញុំចង់ផ្តោតទៅលើការប្រកួតបច្ចុប្ប និងត្រៀមលក្ខណៈឲ្យរួចរាល់ក្នុងការប្រឈមមុខនឹងរាល់ស្ថានភាពទាំងអស់ និងស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវ»។ Chelsea អាចនឹងទិញចូលកីឡាករថ្មី៦នាក់ក្នុងពេលបើកទីផ្សារដោះដូរកីឡាករ ដើម្បីពង្រឹងក្រុមរបស់ខ្លួន។ ក្រុម Chelsea នឹងឈានទៅកាន់ការប្រកួតនេះ ដោយការជឿជាក់ ក្រោយពីចាញ់តែមួយលើកគត់ពីការប្រកួតក្នុងផ្ទះខ្លួនឯង៥លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែ ឈ្នះដល់ទៅ៤លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
ប្រភពពី៖ Mirror