Skip to content

ការប្រមូល​ផល​ស្រូវ​នៅរដូវ​កាលនេះ​នឹង​កើនដល់ជាង10លាន​តោន

ផ្អែក​លើ​សណ្ឋាន​ដី និង​អាកាសធាតុ​មាន​ភាព​អំណោយផល​ជាង​ឆ្នាំ​មុន មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រំពឹង​ថា ​ការ​ប្រមូល​ផល​ស្រូវ​ក្នុង​ឆ្នាំ​នេះ​នឹង​កើន​លើស​ឆ្នាំ​មុន ស្រប​ពេល​ដែល​ទីផ្សារ​អន្តរ​ជាតិ​កំពុង​មាន​តម្រូវការ​ខ្លាំង និង​តម្លៃ​បាន​ប្រសើរ​ជាង​មុន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម វេង សាខុន បាន​ថ្លែង​ថា ​ទិន្នផល​ស្រូវ​ឆ្នាំនេះ​នឹង​កើន​ដល់​ជាង​10​លាន​តោន ខណៈ​ឆ្នាំមុន​ការ​ប្រមូល​ផល​ស្រូវ បាន​ប្រមាណ​ជាង 9,950,000​តោន​ដោយសារ​ការ​ដាំដុះ​ដំណាំ​ស្រូវ​ឆ្នាំ​នេះ​សម្រេច​លើស​ផែនការ​ចំនួន​6,45ហិកតា។ ឯកឧត្តម​បន្ត​ថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ឆ្នាំនេះ​មាន​ទំហំ 2,657,768​ហិកតា និង​ប្រមូល​ផល​បាន​ចំនួន​1,022,478​ហិកតា។

រហូតមកទល់​ពេលនេះ​​ទិន្ន​ផល​​ស្រូវ​ប្រមូលបាន​មាន​ចំនួន​3,361,164តោន ហើយ​ទិន្នផល​ជា​មធ្យម​ប្រមូល​បាន​គឺ​ចំនួន 3,263គីឡូក្រាម​ក្នុង​មួយ​ហិកតា។

ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​បន្តថា ​ផល​ស្រូវ​ប្រមូលបាន​នា​ឆ្នាំនេះ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ក្រអូប ជាការ​ផលិត​សម្រាប់​តម្រង់ទិស​សម្រាប់​ការនាំចេញ។ តម្លៃ​ស្រូវ​ក្រអូប​ឆ្នាំនេះ​មានតម្លៃ​ចន្លោះ​ពី1,000​ទៅ1,3000រៀល និង​ស្រូវធម្មតា​មានតម្លៃ​ចន្លោះ​ពី 800 ទៅ 900រៀល​ក្នុង​មួយ​គីឡូក្រាម។

មន្ត្រី​ជំនាញ​កសិកម្ម​និយាយថា ដើម្បីឱ្យ​ទិន្នផល​ស្រូវ​មានការ​កើនឡើង​កសិករ​គួរ​ចេះ​ផ្លាស់​ពូជ​ដំណាំ​ដែល​​ស៊ាំ​ដី​យូរ​ឆ្នាំ មកជា​ប្រភេទ​ដំណាំ​ស្រូវ​ប្រភេទ​ថ្មីដែល​អាចជួយ​លើក​គុណភាព​ដី​ផង និង​​ជួយ​ឱ្យ​ផលដំណាំ​កាន់តែប្រសើរ​​។ ជាក់​ស្ថែង​​ដូចជា​ក្រុម​អ្នកជំនាញ​ចិន ដែល​នាំ​ពូជស្រូវ​ប្រភេទ​ថ្មី​មក​ដាំ​សាកល្បង​នៅ​លើដី​កម្ពុជាបានទទួល​ជោគជ័យ​ជាង​ខ្លាំង ដោយ​សារបាន​ទិន្នផល​ខ្ពស់​ជា​ស្រូវ​ធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *