នៅរយៈពេលប្រមាណជាង2សប្តាហ៍ទៀតការរៀបចំបុណ្យសមុទ្រនឹងឈានចូលលើកទី6 ដើម្បីជាការរួមចំណែកអបអរសាទរឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកនៃក្លិបឆ្នេរសមុទ្រស្អាតបំផុតក្នុងពិភពលោកកាលពីឆ្នាំ2011។
ចាប់តាំងពីពេលនោះមក សកម្មភាពប្រចាំឆ្នាំត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ដើម្បីរួមចំណែកទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាតំបន់ឆ្នេរ ហើយសកម្មភាពពាណិជ្ជកម្ម ក៏ត្រូវបានលើកកម្ពស់ដោយផ្សារភ្ជាប់ផលិតផលក្នុងស្រុកទៅនឹងផលិតផលនាំចូលពីបរទេស។
សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ2017 នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី21-24 ខែធ្នូ ឆ្នាំ2017 នៅក្រុងកែប ដែលនេះជាលើកទី2 ហើយសម្រាប់ខេត្តដ៏តូចមួយនេះក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ខណៈអ្នករៀបចំកម្មវិធីនឹងរៀបចំស្តង់ពិព័រណ៍ចំនួន400 សម្រាប់តាំងបង្ហាញផលិតផលទាំងក្នុងស្រុក និងនាំចូល។
មន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា គណៈកម្មការនឹងរៀបចំពិព័រណ៍ដោយបែកចែកជាស្តង់សម្រាប់ផលិតផលក្នុងស្រុក និងនាំចូល។
លោក សុខ ដារិទ្ធិ ប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យគណៈកម្មការរៀបចំបុណ្យសមុទ្រផ្តល់អាទិភាពដល់ក្រុមហ៊ុនក្នុងស្រុក ហើយស្តង់ត្រូវមានតម្លៃថោកសមរម្យ ពិសេសរំលេចឱ្យឃើញពីផលិតផលក្នុងស្រុកឱ្យបានច្រើនប្រភេទដែលជាផលិតផលមានសក្តានុពលរបស់កម្ពុជា។
ដើម្បីរៀបចំបុណ្យសមុទ្រនាពេលខាងមុខនេះឱ្យទទួលបានជោគជ័យ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឱ្យអាជ្ញារខេត្តជួយសម្របសម្រួល និងត្រៀមរៀបចំសណ្ឋាគារសម្រាប់ក្រុមសិល្បករដែលមកពីប្រទេសផ្សេងៗ។
ក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរដែលជាទេសចរណ៍បែបធម្មជាតិ បន្ទាប់ពីវិស័យឯកជនធ្លាប់បានស្នើឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដោយបង្វែរចេញពីផលិតផលទេសចរណ៍ទោល គឺ“ការផ្តោតលើទេសចរណ៍វប្បធម៌” នៅក្នុងខេត្តសៀមរាប។
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានបញ្ជាក់ថាព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី6 ដែលបានរៀបចំ
ឡើងក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ2016 មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណ
ជាង 50ម៉ឺននាក់។
ស្ថិតិក្រសួងទេសចរណ៍ បង្ហាញថា ត្រឹមរយៈពេល9ខែ ឆ្នាំ2017 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន 3,912,761នាក់ ដោយមានកំណើន 11.5% និងបាននាំមកនូវប្រាក់ចំណូលជាតិប្រមាណ3,400លានដុល្លារ បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណជាង 62ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ក្នុងនោះកម្លាំងពលកម្មជាស្ត្រីមានប្រមាណ 60%នៃកម្លាំងពលកម្មសរុប៕