យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា កំណើននៃការនាំចេញស្បែកជើង គ្រឿងម៉ាស៊ីនបរិក្ខាអគ្គិសនី និងគ្រឿងបន្លាស់យានយន្ត បានជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារក្សាបាននូវភាពរឹងមាំ ខណៈដែលកំណើនមានការថមថយតិចតួចមកនៅត្រឹមអត្រា 6,8%ក្នុងឆ្នាំ2017 ធៀបនឹងឆ្នាំ2016 ដែលមានអត្រា7%។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌដទៃទៀតមានបរិមាណមធ្យម ក៏ប៉ុន្តែទស្សនវិស័យរយៈពេលមធ្យមនៅតែមានភាពវិជ្ជមាន ដោយសារកំណើនលើការនាំចេញច្រើនប្រភេទទំនិញ និងលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាធនាគារពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាស្ថិតនៅត្រង់ចំណុចមួយដែលបោះជំហានឈានឡើងក្នុងខ្សែចង្វាក់តម្លៃនៃវិស័យកម្មន្តសាល (រោងចក្រផលិតសម្ភារផ្សេងៗ)។ ដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគ និងពង្រីកការនាំចេញច្រើនប្រភេទទំនិញ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធឱ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ដែលមានដូចជាដោះស្រាយថ្លៃចំណាយខ្ពស់លើអគ្គិសនី ការដឹកជញ្ជូន ព្រមទាំងគម្លាតនៃជំនាញផងដែរ”។
កំណើនសេដ្ឋកិច្ចពិតប្រាកដត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ គឺកើនឡើងដល់6,9% នៅក្នុងឆ្នាំ2018 ខាងមុខ។ ទោះបីជាយ៉ាងណា ការធ្លាក់ចុះដែលអាចកើតឡើងពីកំណើនសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេស នៅក្នុងប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើតមានឡើងទាក់ទងនឹងការបោះឆ្នោត នៅតែអាចបង្កនូវហានិភ័យចំពោះទស្សនវិស័យនេះដដែល។
អ្នកជំនាញសេដ្ឋកិច្ច បានផ្តល់អនុសាសន៍ថាដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីវិស័យទេសចរណ៍ កម្ពុជាត្រូវបង្កើនសក្តានុពលវិស័យទេសចរណ៍ តាមរយៈការបង្កើនតំបន់គោលដៅ និងផលិតផលសម្រាប់អ្នកទេសចរ និងតាមរយៈការតភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍។ លើសពីនេះត្រូវផ្តល់នូវការគាំទ្របន្ថែមទៀតដល់កសិករនានា ដែលទទួលរងផលប៉ះពាល់ដោយសារតែតម្លៃកសិផលធ្លាក់ថៃ្ល ហើយកំពុងតែខិតខំស្វែងរកឱកាសប្រសើរជាងនេះដើម្បីចូលទៅកាន់ទីផ្សារ និងបង្កើនផលិតកម្មឱ្យបានច្រើនប្រភេទទៀត៕