អាមេរិក៖ ដើម្បីទប់ស្កាត់ការចែកចាយនូវវីដេអូផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខពិភពលោក ថ្មីៗនេះ ក្រុមហ៊ុន YouTube បានបញ្ជាក់ជាផ្លូវការថា ខ្លួនគ្រោងនឹងជ្រើសរើសមនុស្សបន្ថែមរាប់ពាន់នាក់ទៀត ដើម្បីបង្កើនការត្រួតពិនិត្យទៅលើវីដេអូមួយៗដែលបាន Upload ចូលក្នុង YouTube។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការចែកចាយវីដេអូអំពើហិង្សា វីដេអូទាក់ទងនឹងបទឧក្រិដ្ឋ វីដេអូអូសទាញឲ្យចូលរួមក្នុងក្រុមជ្រុលនិយម ឬអំពើភេរវកម្ម ជាពិសេសគឺវីដេអូទាំងឡាយណាដែលបង្វក់ដល់កូនក្មេងតាមគ្រប់រូបភាព។
លោកស្រី Susan Wojcicki នាយកប្រតិបត្តិ YouTube បានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការជ្រើសរើសបុគ្គលិកបន្ថែមប្រមាណជាង 10000នាក់ ដើម្បីចាំត្រួតពិនិត្យទៅលើវីដេអូដែលបាន Upload ចូល។ «ដើម្បីរក្សាសុវត្ថិភាព ក៏ដូចជាសន្ដិសុខ យើង (YouTube) ត្រូវតែពង្រឹងទៅលើការត្រួតពិនិត្យ ដោយក្នុងនោះក៏ត្រួតពិនិត្យទៅលើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើវីដេអូផងដែរ»។
គួរបញ្ជាក់ផងដែរថា មុននេះ Facebook ក៏បានជូនដំណឹងពាក់ព័ន្ធនឹងករណីរឹងបន្តឹងទៅលើការត្រួតពិនិត្យរាល់មាតាកាផ្សេងៗដែលបានបង្ហោះនៅលើ Facebook៕