Skip to content

សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា

ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្មបាន​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​គណៈ​ប្រតិភូ​នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) នៅ​ក្នុង​សប្តាហ៍​នេះ ដោយ​រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​មក​ពី​ប្រទេស​ចំនួន5 នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី នឹង​មើល​ឃើញពី​ផលិត​ផល​មាន​សក្តានុពល​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្មកាលពី​ថ្ងៃទី​30 ខែវិច្ឆិកា បាន​ឱ្យ​ដឹង​​ថា ក្រសួង​គ្រោង​​នឹង​រៀប​ចំ​​កិច្ច​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) ដែលមានសមាជិក​ចំនួន​ 5 ប្រទេស​រួម​មាន រុស្ស៊ី បេឡារូស កាហ្សាក់ស្តង់ គីហ្ស៊ីស្តង់ និងអាមេនី ដែលជា​ទីផ្សារ​អន្តរជាតិ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ឱកាស​ពង្រីក​ទីផ្សារ និង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប​ដែល​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប​22,000​ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ​2016 និង​មាន​ប្រជាជន​សរុប​ជាង​180​លាន​នាក់។

ឯកឧត្តម ស៊ាង ថៃ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​និយាយ​ថា ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ មានដូច​ជា សម្លៀកបំពាក់ ​និង​ស្បែក​ជើង ក្រសួង​ពាណិជ្ជ​កម្ម​​នឹង​ខិតខំ​ចរចា​បើក​ច្រក​ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ទាំង​នោះ​បន្ថែម​ទៀត ព្រោះ​កន្លង​មក​ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​នៃ​ប្រទេស​ទាំងនោះ​ស្ថិត​នៅ​តូច​នៅ​ឡើយ។

ឯកឧត្តម​​មាន​ប្រសាសន៍​​ថា៖​យើង​ឃើញ​ថាតម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស​ទាំង​នោះ​គឺ​ដូច​ជា​តម្រូវការ​នៃ​ទីផ្សារ​របស់​អឺរ៉ុប​ដែរ។ យើង​មិន​អាច​នាំបន្លែ និង​ផ្លែ​ឈើ​ផ្សេងៗ​ទៅ​កាន់​ទីនោះ​បាន​ទេ

ក្នុង​ដំណើរ​ទស្សនកិច្ច និង​ពិភាក្សា​ផ្នែកធុរកិច្ច​នេះ ឯកឧត្តម ស៊ាង ថៃ រំពឹង​ថា គណៈប្រតិភូ​ធុរកិច្ច​នៃ​ប្រទេស​ទាំង​នោះ​នឹង​មើល​ឃើញ​ពី​សក្តានុពល​ផលិត​ផល​កម្ពុជា​មួយ​ចំនួន​ដើម្បី​នាំ​ចេញ​នៅ​ថ្ងៃ​អនាគត​។

បច្ចុប្បន្ន​កម្ពុជា​ កំពុង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ទៅ​កាន់​ទីផ្សារ​ធំៗ​ចំនួន​2 គឺ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ ទីផ្សារ​ទាំង​ពីរ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​។ ក្រៅ​ពី​ផលិត​ផល​វាយនភណ្ឌ ​ផលិតផល​កសិកម្ម​កម្ពុជា​ ដូចជា​អង្ករ​ក៏​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​នេះ​​​ដែរ។

របាយការណ៍​របស់​គណៈ​កម្មការ​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​សហគមន៍​អឺរ៉ុប កាល​ពី​ឆ្នាំ​2016 គិតជាទឹក​ប្រាក់ 4,555​លាន​ដុល្លារ ដោយ​ទឹកប្រាក់​ច្រើនលើស​លប់​បាន​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់៕

Leave a Reply

Your email address will not be published. Required fields are marked *