នៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2017នេះ បន្ទាប់ពីបានបញ្ចប់ពិធីរៀបអាពាហ៍ពិពាហ៍រួចមក តារាស្រី សុគន្ធ នីសា បានចេញសារនៅលើបណ្ដាញសង្គមឱ្យដឹងថា ដោយបានទទួលការប្រសិទ្ធពរជ័យពីការចូលរួមយ៉ាងអធិកអធមពីសំណាក់ភ្ញៀវកិត្តិយស យើងខ្ញុំពិតជាសប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណជាអនេកចំពោះការចូលរួមប្រកបដោយក្តីស្រឡាញ់រាប់អានយើងខ្ញុំទាំងពីរនាក់នេះ ទៅដល់ភ្ញៀវកិត្តិយសទាំងឡាយដូចជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អស់លោកលោកស្រី អ្នកនាងកញ្ញា រៀមច្បងសិល្បករជំនាន់មុន ថ្នាក់ដឹកនាំក្នុងវិស័យសិល្បៈ មិត្តសិល្បករ និងបងប្អូនជំនាន់ក្រោយនៃក្រុមសិល្បករ បងប្អូនសាច់ញាតិ អុំពូ មាមីង ទាំងខាងប្រុសទាំងខាងស្រី ក្នុងវត្តមានដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិយសចំពោះយើងខ្ញុំទាំងពីរក្នុងឱកាសនេះ។
តារាស្រីរូបនេះ បានបន្តបញ្ជាក់បន្ថែមថា ព្រមជាមួយគ្នានេះដែរយើងខ្ញុំទាំងពីរនាក់ក៏ដូចជាក្រុមគ្រួសារទាំងសងខាងសូមអភ័យទោសចំពោះរាល់កំហុសឆ្គង និងកង្វះខាតនានា ព្រោះការទទួលមិនបានដិតដល់ដោយប្រការណាមួយ ហើយសង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់មេត្តាខន្តី និងអធ្យាស្រ័យដោយសេចក្តីរាប់អានដ៏ជ្រាលជ្រៅមកកាន់គ្រួសារយើងខ្ញុំទាំងពីរ។ គួរបញ្ជាក់ផងដែរថា ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបានត្រូវបានបង្ហើបឱ្យដឹងថា តារាស្រីឆោមស្រស់រូបនេះ គ្រោងនឹងធ្វើដំណើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំ ឬ Honey Moon នៅលើកោះម៉ាល់ឌីវ ដែលមានសម្រស់ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ដាច់កន្ទុយភ្នែក ចំណែកស្វាមីអ្នកនាងក៏ចង់បន្ដទៅជប់លៀង និងកាត់ចំណងដៃនៅរដ្ឋឡូវែល សហរដ្ឋអាមេរិក ហើយពួកគេថែមទាំងមានគម្រោងយកបុត្រភ្លាមៗតែម្ដងទៀតផង៕