តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា ក្រោយពីសាងស្នេហ៍ផ្អែមល្ហែមជាមួយគ្នាអស់មួយរយៈមក ថ្មីនេះៗអតីតគូដណ្ដឹង នី មុន្នីនាថ ដែលគេដឹងថា បានឈ្លោះបាក់បែកគ្នានោះបានចាប់ផ្តើមចេញសារវាយប្រហារជាបន្តបន្ទាប់មកលើរូបនាង ថែមទាំងឌឺដងពាក្យសម្តីដាក់គ្នាដូចអាយ៉ៃឆ្លើយឆ្លងមិនចេះចប់មិនចេះហើយដូច្នោះដែរ។
លោក អ៊ឹង សូឡាំង ជាអតីតគូដណ្ដឹងរបស់តារាស្រីរូបនេះបានផ្លែផ្កាដាក់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី3 ខែធ្នូនេះថា «បងនឹងទៅ…កុំភ័យ! អូនត្រៀមតែលុយដែលអូនបានបោកបងទៅនោះឱ្យគ្រប់ចំនួន ហើយរួមនឹងលុយជំងឺចិត្តដែលពៅមាស( ផ្កាមាស) ត្រូវបង់ឱ្យបងបន្ទាប់ពីចេញសាលដីកាពីតុលាការបញ្ជាក់ថា អូនពិតជាបានបោក និងបំពានលើសេចក្ដីទុកចិត្តនោះទៅ ពេលនោះហើយដែលបងនឹងចុះទៅស្រុកខ្មែរដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ ច្រូចទឹកឱ្យអូនខ្លះ សូមកុំឱ្យអូនអត់ឃ្លាន ស៊ីមិនរើសមុខតទៅទៀតណា…ហាសហា»។ សំដីឡកឡាយនេះបានបញ្ចើចបញ្ឈឺតារាសម្ដែងស្រីរូបនេះជាខ្លាំង ហើយអ្វីដែលគួរឱ្យកត់សម្គាល់ពីភ្លើងកំហឹងដែលមិនអាចទប់បាននេះ នី មុន្នីនាថ បានតបតជាសារអន្ទងហៅបុរសអាណិកជននេះវិញដែលមានអត្ថន័យថា «សូមបញ្ជាក់ថា នាងខ្ញុំគ្មានគេចទៅណាទេ នាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល មានតែអតីតគូដណ្ដឹងរបស់នាងខ្ញុំទេដែលគាត់មិននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់ បងមកកម្ពុជាមក អូនចាំបង)»។
គួររំឭកផងដែរថា មេធាវីតំណាងឱ្យតារាសម្ដែងស្រី នី មុន្នីនាថ ទើបបានចូលខ្លួនជំនួសកូនក្តីរបស់លោកតាមដីកាបង្គាប់របស់តុលាការកាលពីថ្ងៃទី29 វិច្ឆិកាកន្លងទៅនេះ រីឯបណ្ដឹងទាមទារប្រាក់សំណងដែលអតីតគូដណ្ដឹងបានដាក់ពាក្យប្ដឹងមកលើតារាស្រីរូបនេះក៏នៅមិនទាន់មានដំណោះស្រាយនៅឡើយដែរ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៕