កំណត់ត្រានៃការមិនស្គាល់ចាញ់ក្នុងការប្រកួតលីករបស់ក្រុមបិសាចក្រហម Manchester United បានឈានដល់ទីបញ្ចប់ទាំងការខកចិត្ត ពេលប្រកួតជាមួយនឹងក្រុមរបស់លោក Arsene Wenger នាកីឡដ្ឋាន Emirates ក្រោយពីក្រុមរបស់លោកបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Arsenal កាលពីថ្ងៃអាទិត្យ។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងចន្លោះពេលដ៏រហ័សពីសំណាក់ខ្សែបម្រើ Granit Xhaka និងខ្សែប្រយុទ្ធ Danny Welbeck បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal ដណ្តើមបានជ័យជម្នះដ៏សំខាន់មួយ និងបានបំបែកបច្ចេកទេសការពារនៃក្រុមរបស់លោក Jose Mourinho ដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំងបួន។ Man United មិនធ្លាប់ចាញ់សោះពីការប្រកួតទាំង២៥លើកចុងក្រោយរបស់ពួកគេ ក្រោយពីចាញ់ក្រោមស្នាដៃក្រុម Chelsea ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Stamford Bridge បើទោះបីពាក់កណ្តាលនៃលទ្ធផលទាំងនោះ បានបញ្ចប់ក្នុងលទ្ធផលស្មើក៏ដោយ។ ទោះបីជាយ៉ាងណា ពួកគេបានជួបលទ្ធផលដ៏ខកចិត្តពេលបញ្ចប់ការប្រកួត ខណៈដែលលោក Mourinho បានធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ៨នាក់ទៅលើសមាជិកក្រុមដែលបានផ្តួលក្រុម Celta Vigo ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីថ្ងៃព្រហស្បតិ៍។
លោក Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានឲ្យដឹងថា៖ «យើងបានផ្លាស់ប្តូរកីឡាករ៨នាក់។ ពិតណាស់ យើងបានដឹងថា យើងនឹងមិនមានភាពខ្លាំងក្លាពេញលេញឡើយ។ នោះគឺជាការសម្រេចចិត្តមួយ។ យើងចង់ដណ្តើមពាន Europa League ពីព្រោះវាសំខាន់ជាងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ទៅទៀត»។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្ថែមទៀតថា៖ «ពានចុងក្រោយដែលខ្ញុំបានឈ្នះគឺមានរយៈពេល៣ខែមកហើយ។ ខ្ញុំមិនខ្វល់ពីបញ្ហានោះឡើយ។ ថ្ងៃព្រហស្បតិ៍ គឺជាការប្រកួតដ៏សំខាន់ប្រចាំរដូវកាលនេះ។ ខ្ញុំសង្ឃឹមថា Old Trafford មានអារម្មណ៍បែបនេះ ពីព្រោះយើងត្រូវការ Old Trafford»៕
ប្រភពពី៖ The Sun