អាមេរិក៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung ត្រូវបានគេដឹងថា គ្រោងនឹងបង្កើតបច្ចេកវិទ្យាស្គែនបាតដៃសម្រាប់ធ្វើជាលេខសម្ងាត់ក្នុងការចាក់សោ និងដោះសោទូរស័ព្ទ ដែលកាលពីមុនមានត្រឹមតែការប្រើម្រាមដៃ និងប្រស្រីភ្នែកតែប៉ុណ្ណោះ។
ក្រុមហ៊ុន Samsung បានប្រើបច្ចេកវិទ្យាចុងក្រោយសម្រាប់ចាក់សោ និងដោះសោទូរស័ព្ទដៃដោយការស្គែនប្រស្រីភ្នែកជាមួយនឹងទូរស័ព្ទដៃស៊េរី Galaxy S8 និង Note 8 ប៉ុន្តែនៅពេលនេះ សារព័ត៌មានបច្ចេកវិទ្យាធំៗជាច្រើនបានចុះផ្សាយដោយបង្ហាញនូវគំរូប៉ាតង់ថ្មីរបស់ Samsung ក្នុងការប្រើបច្ចេកវិទ្យាស្គែនបាតដៃដើម្បីចាក់សោ និងដោះសោទូរស័ព្ទ។
យោងតាមក្រុមអ្នកជំនាញបានបញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជាមិនប្រើបច្ចេកវិទ្យាស្គែនបាតដៃសម្រាប់តែចាក់សោ និងដោះសោប៉ុណ្ណោះទេ គឺអាចប្រើដើម្បីទូទាត់សាច់ប្រាក់ ឬប្រើដើម្បីធ្វើអ្វីផ្សេងៗជាច្រើនទៀត គ្រាន់តែថានៅពេលនេះ ក្រុមហ៊ុន Samsung នៅមិនទាន់ប្រកាសជាផ្លូវការប៉ុណ្ណោះ៕