ស្របពេលដែលតារាឆ្នើម Antoine Griezmann សង្ឃឹមថា អាចរក្សាវត្តមានរបស់ក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Stamford Bridge នារាត្រីនេះ ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ក៏ត្រូវតែបង្ហាញពីទេពកោសល្យរបស់គេផងដែរ ដើម្បីបង្ហាញដល់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ដែលចង់ទិញរូបគេ។
Atletico ត្រូវតែផ្តួលក្រុម Chelsea ក្នុងការប្រកួតនៅទីក្រុងឡុងដ៍ នារាត្រីនេះ និងសង្ឃឹមថា ក្រុម Roma មិនអាចផ្តួលក្រុម Qarabag ក្នុងរដ្ឋធានីរបស់អ៊ីតាលី ប្រសិនបើពួកគេចង់ឈ្នះកៅអីទៅលេងក្នុងវគ្គ16ក្រុមចុងក្រោយសម្រាប់រយៈពេល5រដូវកាលជាប់ៗគ្នា។ ការធ្លាក់ចេញត្រឹមវគ្គចែកពូល នឹងផ្តល់ការខកចិត្តដ៏ធំមួយដល់ក្រុម Atletico ខណៈដែលការធ្លាក់ចេញនេះអាចនឹងធ្វើឲ្យ Griezmann សម្រេចចិត្តក្នុងការចាកចេញពីរដ្ឋធានីរបស់អេស្ប៉ាញ។ ក្រុម Atletico បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុម Chelsea បានលត់ក្រុម Newcastle 3-1 កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា បច្ចុប្បន្នក្រុមយក្សរបស់អេស្ប៉ាញមួយនេះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ3នៃពូល C ដោយមាន6ពិន្ទុ ពីការប្រកួត5លើក ខណៈដែលក្រុម Chelsea កំពុងតែនាំមុខនៅលើតារាង ដោយមាន10ពិន្ទុ និងឈ្នះកៅអីទៅវគ្គ16ក្រុមចុងក្រោយរួចជាស្រេច ហើយ Roma ឈរលេខ2 ដោយមាន8ពិន្ទុ។
ក្រុម Chelsea ក៏ធ្លាប់បានផ្តួលក្រុម Atletico ក្នុងលទ្ធផល 2-1 ផងដែរ ក្នុងពេលក្រុមទាំងពីរជួបគ្នានៅលើទឹកដីអេស្ប៉ាញ កាលពីការប្រកួតជុំមុននៃពូលនេះ។ ប៉ុន្តែ ក្រុម Atletico មានកំណត់ត្រាយ៉ាងល្អនៅលើកីឡដ្ឋាន Stamford Bridge តាមរយៈការដណ្តើមបានជ័យជម្នះ2លើកពីការធ្វើដំណើរទៅប្រកួតទាំង2លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Daily Stars