លោក Jupp Heynckes គ្រូបង្វឹករបស់ក្រុម Bayern Munich បាននិយាយថា មានហេតុផលនៃការមានសុទិដ្ឋិនិយមនៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះជាមួយនឹងក្រុមខ្លាំង Paris Saint-Germain ខណៈដែលខ្សែប្រយុទ្ធ Thomas Mueller និងខ្សែបម្រើ Kingsley Coman នឹងវិលចូលប្រកួតវិញ បន្ទាប់ពីជួបបញ្ហារបួស។
តារាឆ្នើមអន្តរជាតិអាល្លឺម៉ង់ Mueller បានវិលចូលប្រកួតវិញក្រោយពីអវត្តមាន5សប្តាហ៍ដោយសារតែរបួសជើង តាមរយៈការបង្កើតគ្រាប់បាល់ឲ្យខ្សែបម្រើ Arturo Vidal និង Coman ខណៈដែលក្រុម Bayern ដែលកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Bundesliga ដោយបានផ្តួលក្រុម Hanover ក្នុងលទ្ធផល 3-1 ក្នុងទីក្រុង Munich កាលពីថ្ងៃសៅរ៍។ ក្រុម Bayern បានចាញ់ក្រុម PSG ក្នុងលទ្ធផល 3-០ កាលពីខែកញ្ញា ដែលបានធ្វើឲ្យលោក Carlo Ancelotti បានបាត់បង់ការងាររបស់លោក ហេតុនេះ ក្រុម Bayern ត្រូវតែផ្តួលក្រុមយក្សរបស់បារាំងមួយនេះ ក្នុងលទ្ធផល 4-០ ក្នុងទីក្រុង Munich ដើម្បីបញ្ចប់ដោយការឈរលេខ1ក្នុងពូល។ ក្រុមទាំងពីរ មានសុវត្ថិភាពក្នុងការឈ្នះកៅអីទៅវគ្គ16ក្រុមចុងក្រោយរួចជាស្រេចហើយក្នុងក្របខ័ណ្ឌ Champions League ហើយលោក Heynckes បានទទួលនូវការជឿជាក់ដ៏ធំមួយ ខណៈដែលក្រុម Bayern បានធ្វើការស្តារមុខមាត់ឡើងវិញក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់នៅលើទឹកដីក្រុម Borussia Moenchengladbach កាលពីថ្ងៃសៅរ៍មុន។ គ្រូបង្វឹកវ័យ72ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះការប្រកួតរបស់យើង។ យើងមានឱកាសជាច្រើនក្នុងការស៊ុតបាល់បញ្ចូលទី តែយើងមិនអាចរកបានគ្រាប់បាល់។ ប៉ុន្តែ ខ្ញុំគិតថា ជ័យជម្នះរបស់យើងពិតជាស័ក្តិសមក្នុងកម្រិតនេះ»។
ក្តីសង្ឃឹមរបស់ក្រុម Bayern បានទទួលនូវការជឿជាក់ដ៏ធំមួយកាលពីថ្ងៃសៅរ៍ ខណៈដែល PSG បានរងបរាជ័យក្នុងការប្រកួតលីកជាលើកទី1របស់ពួកគេ ក្នុងរដូវកាលនេះ តាមរយៈការចាញ់ក្រុម Racing Strasbourg 2-1 ស្របពេលដែល Bayern បានផ្តួលក្រុម Hanover 3-1 ក្នុងទីក្រុង Munich។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24